(កំពង់ចាម)៖ ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់យុវជន ជាសមាជិកគណបក្សប្រជាជនខេត្ត ឱ្យចេះប្រើប្រាស់បណ្ដាញសង្គម ទៅជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋ។

លោកប្រធានគណបក្សប្រជាជនខេត្ត បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ចាម ក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាល ស្ដីពីបណ្ដាញសង្គម ដល់ក្រុមយុវជនគណបក្សប្រជាជនខេត្តចំនួន៧៨នាក់។

លោក អ៊ុន ចាន់ដា បានថ្លែងថា «ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ ប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គម ពិតជាមានសារៈសំខាន់ ប្រសិនបើក្រុមយុវជនយើងចេះប្រើប្រាស់ឲ្យចំទិសដៅ ពោលគឺការផ្ដល់ព័ត៌មានតាមបណ្ដាញសង្គម ផ្តោតសំខាន់ទៅលើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិរបស់យើង»។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្ដីពីបណ្ដាញសង្គមលើកទី១នេះ គឺថ្នាក់ដឹកនាំ មានគោលបំណង ឱ្យក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ចេះសរសេររាយការណ៍អំពី ទុក្ខកង្វល់ ផលលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន របស់ខ្លួន ដែលខ្លួនបានជួបប្រទះ បញ្ជូនមកថ្នាក់ដឹកនាំជាព័ត៌មាន ដើម្បីឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។

ម្យ៉ាងទៀត អំពីសមិទ្ធផលផ្សេងៗ ជាពិសេសដូច សមិទ្ធផលតាមមូលដ្ឋាន នៃគម្រោងអភិវឌ្ឍន៍មូលនិធិឃុំ-សង្កាត់ ដូចជាផ្លូវថ្នល់ លូ ប្រព័ន្ធប្រឡាយទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលមូលដ្ឋានទទួលបាន ក្រុមយុវជនគួរតែសរសេរផ្សព្វផ្សាយ ដើម្បីជូនជាព័ត៌មានឱ្យប្រជាពលរដ្ឋ បានយល់ដឹងផងដែរ៕