(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា នៅក្នុងមូលដ្ឋានរបស់លោកមានអ្នកធ្វើការនៅ «N8 Club» ដែលពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ចំនួន០២នាក់ និងបាននាំទៅធ្វើតេស្តរកសំណាក និងធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខា។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ជា ពិសី បានអះអាងថា រហូតមកដល់ពេលនេះ កម្លាំងមូលដ្ឋានខណ្ឌ-សង្កាត់ សហការជាមួយមន្ដ្រីសុខាភិបាល បាននិងកំពុងបន្តចាត់វិធានការ តាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័កផងដែរ។

លោក ជា ពិសី បានលើកឡើងថា ការចាត់វិធានការការពារជំងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ របស់រដ្ឋបាលខណ្ឌឫស្សីកែវ រួមមាន៖

*រដ្ឋបាលខណ្ឌ បានប្រជុំគណ:បញ្ជាការឯកភាព ដើម្បីដាក់ផែនការអនុវត្តន៍ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

*រដ្ឋបាលខណ្ឌ-សង្កាត់ បានចុះពិនិត្យ និងធ្វើកិច្ចសន្យាទីតាំងខារ៉ាអូខេ ដែលបានប្រែក្លាយទៅជាភោជនីយដ្ឋាន ចំនួន១១ទីតាំង មិនឲ្យបើកដំណើការ ជាពិសេស KTV ក្លឹបកំសាន្ត និងបៀហ្គាឌិន ជាដើម

*ក្នុងមូលដ្ឋានខណ្ឌ មានអ្នកធ្វើការនៅ «N8 Club» ដែលពាក់ព័ន្ធព្រឹត្តការណ៍ សហគមន៍២០កុម្ភ: ចំនួន០២នាក់ និងនាំទៅធ្វើតេស្តរកសំណាក នៅសណ្ឋាគារសុខា និងធ្វើចត្តាឡីស័ក

*រដ្ឋបាលខណ្ឌ-សង្កាត់ បានចុះផ្សព្វផ្សាយ ពីវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ និង៣កុំ តាមប្រសាសន៍ដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនទៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមទីផ្សារ សាលារៀន វិស័យឯកជន ទីតាំងប្រជុំជនជាដើម

*កម្លាំងខណ្ឌ-សង្កាត់ បានចាត់វិធានការតាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភ: ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័ក៕