(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានសង្កាត់ស្វាយរៀង បានថ្លែងណែនាំដល់យុវជនឲ្យខិតខំរៀនសូត្រនិងប្រតិបត្តិខ្លួនឲ្យបានល្អ ដើម្បីក្លាយខ្លួនជាអ្នកបន្តវេន និងជាសសរទ្រូងនៃប្រទេសជាតិ។

ការថ្លែងណែនាំរបស់លោកវេជ្ជបណ្ឌិតបែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាដែលទើបបញ្ចូលថ្មីនៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលមានការចូលរួមពីលោក ណុប ចំរើន ប្រធានគណបក្សក្រុងស្វាយរៀង និងលោក លោកស្រី ជាអនុប្រធានសមាជិកបក្សជាច្រើនរូបផងដែរ។

លោកបណ្ឌិត កែរ រដ្ឋាបានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ជូនដល់សមាជិកសមាជិកាដែលទើបនឹងចូលថ្មីក្នុងឱកាសនោះផងដែរ។

លោកបណ្ឌិត កែរ រដ្ឋាបានថ្លែងលើកឡើងអំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជាថា ជាគណបក្សដែលមានវ័យចំណាស់មានគោលនយោបាយ ដឹកនាំត្រឹមត្រូវដោយយកផលប្រយោជន៍ប្រទេសជាត និងប្រជាជនជាចម្បងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូប្រឹងប្រែងធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ពីគំនរផេះផង់ ពីចំណុចសូន្យរហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រី ក្នុងពេលបច្ចុប្បន្ននេះបានប្រែក្លាយជាប្រទេស ដែលសកលលោកមិនសូវស្គាល់រហូតដល់ជាប្រទេស ដែលសកលលោកបានស្គាល់និងមានការកោតសរសើរថាជាបរទេសដែលមានការអភិវឌ្ឍលឿនឆាប់រហ័ស ក្នុងនោះកម្ពុជាគឺមានការចូលរួមកិច្ចប្រជុំជាមួយបណ្ដាប្រទេសនៅលើសកលលោក ដោយស្មើមុខស្មើមាត់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាជននៅគ្រប់ទីកន្លែង និងនៅគ្រប់កាលៈទេសៈដោយមិនប្រកាន់និន្នាកានយោបាយឡើយ។

លោកបណ្ឌិតបានថ្លែងអំណរគុណចំពោះសមាជិកបក្សដែលទើបចូលថ្មី ដែលបានជឿជាក់និងផ្ដល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា និងសូមធ្វើការអំពាវនាវដល់សមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ទោះជាសមាជិកចាស់ឬទើបចូលថ្មីត្រូវរួបរួមសាមគ្គីស្រឡាញ់រាប់អានគ្នា ត្រូវមានមនសិការ ស្រលាញ់ជឿជាក់ និងពង្រឹងនូវភាពរឹងមាំរបស់គណបក្ស និងចូលរួមគោរពនិងអនុវត្តតាមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាឲ្យបានខ្ជាប់ខ្ជួនកុំជឿ ឬស្ដាប់ការឃោសនារបស់ជនអគតិណាមួយធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុងគណបក្ស។

លោកបណ្ឌិត កែរ រដ្ឋា ក៏បានជំរុញដល់សមាជិកសមាជិកាគណបក្សទាំងអស់ត្រូវអប់រំផ្សព្វផ្សាយអំពីវិធានការការពាររបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺ covid-19 ដោយណែនាំដល់ប្រជាពលរដ្ឋឲ្យចេះការពារខ្លួនផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំ លាងដៃជាមួយសាប៊ូ អាកុលនិងពាក់ម៉ាសនៅទីប្រជុជន នៅគម្លាតគ្នាដើម្បីចៀសផុតពី covid 19 ដែលថ្មីនេះមានករណីឆ្លងនៅក្នុងសហគមន៍នៅឯរាជធានីភ្នំពេញ ដូច្នេះត្រូវតែចូលរួមក្នុងការការពារឲ្យបានខ្លាំងក្លាបន្ថែមទៀតដើម្បីធ្វើយ៉ាងណាកុំឲ្យមូលដ្ឋានរបស់យើងមានជំងឺ covid-19 នោះឡើយ។

សូមបញ្ជាក់ថានៅក្នុងពិធីនេះលោកបណ្ឌិត កែរ រដ្ឋា បានជូនអំណោយដល់សមាជិកបក្សក្នុងម្នាក់ៗទទួលបានក្រមា ១ និងថវិកាមួយចំនួនផងដែរ៕