(ភ្នំពេញ)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានស្នើដល់ប្រជាពលរដ្ឋ ដែលជាប្រជាកសិករ ប្រកបកសិកម្មចិញ្ចឹមជីវិត សូមផ្លាស់ប្ដូរផ្នត់គំនិតពី ការធ្វើអាជីវកម្មដាំដុះ ដើម្បីតែបំពេញតម្រូវការខ្លួនឯង តែត្រូវធ្វើរបរកសិកម្មប្រែក្លាយជាអាជីវកម្ម ដែលអាចទិញ-លក់ ទទួលបានលុយចំណេញ ព្រោះការធ្វើបែបនេះ មិនត្រឹមតែធ្វើឲ្យជីវភាពល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្ដែចូលរួមកាត់បន្ថយភាពក្រីក្រថែមទៀតផង។

លោក កៅ ថាច បានឲ្យដឹងថា «ប្រជាកសិករគួរផ្លាស់ប្ដូរផ្នត់គំនិត ពីការធ្វើកសិកម្ម សម្រាប់តម្រូវការខ្លួនឯង ហើយសេសសល់បានលក់ ប្រជាកសិករគួរងាកមកការផលិតគិតអំពីការធ្វើអាជីវកម្មទិញ-លក់ រកលុយចំណេញ ទើបធ្វើឲ្យជីវភាពល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ»

លោកបានបន្ថែមថា ប៉ុន្ដែដើម្បីឲ្យការសម្រេចបាននៃការធ្វើកសិកម្មទៅជាអាជីវកម្មនេះ ប្រជាកសិករត្រូវតែយល់ដឹងបន្ថែមអំពីការដាំដុះ ឲ្យត្រូវតាមស្ដង់ដារ កុំដំាដុះតាមគ្នាជាដើម។

លោកបានបន្ដថា បច្ចុប្បន្ននេះបញ្ហាធំដែលកំពុងជួបប្រទះ គឺការរៀបចំដាំដុះរបស់ប្រជាកសិករត្រូវធ្វើយ៉ាងណា គោរពតាមស្ដង់ដារ ពិសេសស្ដង់ដារភូគាមអនាម័យ ការអនុវត្តន៍ល្អវិស័យកសិកម្ម។

លោកបានបញ្ជាក់ថា «ដើម្បីឲ្យមានស្ថិរភាព និងតម្លៃបងប្អូនប្រជាកសិករគួរតែធ្វើយ៉ាងណា ឲ្យការផ្គត់ផ្គង់មានស្ថិរភាពលើទីផ្សារ មិនអាចផ្គត់ផ្គង់មួយថ្ងៃបាត់មួយអាទិត្យឡើយ ព្រោះនឹងធ្វើឲ្យមានបញ្ហាផ្នែកខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ កត្តាមួយទៀតបងប្អូនប្រជាកសិករគួរគិត កុំដាំដុះតាមគ្នាព្រោះថា កាលណាប្រមូលផលដំណាលគ្នា យកមកផ្គត់ផ្គង់ទីផ្សារ ធ្វើឲ្យដំណាំច្រើនច្រាលលក់មិនចេញតម្លៃចុះថោក ជាធម្មតានេះជាគោលការណ៍សេដ្ឋកិច្ច កាលណាការផ្គត់ផ្គង់ច្រើនជាងតម្រូវការតម្លៃធ្លាក់ចុះ»

លោកបានឲ្យដឹងទៀតថា បងប្អូនប្រជាកសិករទាំងអស់ ត្រូវផ្លាស់ប្ដូរផ្នត់គំនិតនេះចេញ ចាប់ផ្ដើមធ្វើឯកទេសកម្ម ធ្វើកិច្ចការរួមគ្នាប្រមូលគ្នាធ្វើជាក្រុមផលិត និងដាក់ផែនការដាំដុះ ដើម្បីឲ្យការប្រមូលផលមានស្ថិរភាព។ មួយវិញទៀតបងប្អូនប្រជាកសិករ គួរនាំគ្នាធ្វើឯកទេសកម្ម មានន័យថា កាលណាក្នុងស្រុកភូមិ «ក» ដាំដុះបន្លែប្រភេទនេះ ក្នុងស្រុកភូមិ «ខ» ពុំគួរដាំដុះបន្លែដូចគ្នានោះឡើយ ដើម្បីកុំឲ្យមានការផ្គត់ផ្គង់ លើទីផ្សារហួសតម្រូវការ ធ្វើឲ្យតម្លៃធ្លាក់ចុះ។

លោកបញ្ជាក់ថា ក្រៅពីបញ្ហានៃការដាំដុះជាន់គ្នានេះ ប្រជាកសិករក៏នៅមានបញ្ហា ក្នុងការជ្រើសរើសគ្រាប់ពូជ ការនាំចូលគ្រាប់ពូជពីក្រៅប្រទេស គឺពុំដឹងឡើយថា គ្រាប់ពូជទាំងនេះដាំដុះទៅបានទទួលផល។ បច្ចុប្បន្នកម្ពុជាកំពុងខ្វះអ្នកបណ្ដុះកូនពូជលក់ មានន័យថា ប្រសិនបើប្រជាកសិករទៅទិញកូនពូជ ឬគ្រាប់ពូជពីកន្លែងបណ្ដុះកូនពូជលក់ យកមកដាំដុះនឹងទទួលផល ព្រោះអ្នកដែលដាំដុះពូជលក់នេះ ជាអ្នកជំនាញផ្នែកផលិតពូជ និងគ្រាប់ពូជជាដើម៕