(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៨៖០០ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានបើកសវនាការជំនុំជម្រះ​សំណុំរឿងយុវជនម្នាក់ ជាអតីតនិស្សិត​សាកលវិទ្យាល័យ​ខេមរៈដែល អំពាវនាវធ្វើបដិវត្តន៍ពណ៌​ប្រឆាំងរាជ​រដ្ឋាភិបាល នៅលើបណ្តាញ​ទំនាក់ទំនងសង្គម Facebook កាលពីឆ្នាំមុន  ។

យុវជនម្នាក់នោះមានឈ្មោះ គង់ រ៉ាយ៉ា អាយុ២៥ឆ្នាំ ជាអតីតនិស្សិតនៅសាកលវិទ្យាល័យខេមរៈ រាជធានីភ្នំពេញ ដែលត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពីខែសីហា ឆ្នាំមុន បន្ទាប់ពីរូបគេសរសេរ​ខ្លឹមសារអំពាវនាវឱ្យធ្វើ​បដិវត្តន៍ពណ៌ នៅលើបណ្តាញសង្គម Facebook ។ តុលាការឃុំខ្លួន​ដាក់ពន្ធនាគារ កាលពីល្ងាច​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ក្រោមការចោទ​ប្រកាន់ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។  

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ យុវជន គង់ រ៉ាយ៉ា បានសរសេរបង្ហោះលើ Facebook ដោយអំពាវនាវយ៉ាងដូច្នេះថា «តើមាននរណាម្នាក់ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលអនាគត ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាល់ប្តូររបបសម្រាប់សង្គមខ្មែរ ហើយបើទោះជារូបខ្ញុំត្រូវជាប់ពន្ធនាគារ ឬស្លាប់ក៏ដោយ ក៏ខ្ញុំនៅតែធ្វើវាដដែល»៕