(បាងកក)៖ តាមរយៈបណ្តាញ Facebook ពលរដ្ឋរបស់ថៃបានបង្ហាញការពេញចិត្ត ពេញថ្លើម និងកោតសរសើរការអភិវឌ្ឍន៍របស់ខ្មែរចំពោះទីក្រុងព្រះសីហនុ ដែលបានរៀបចំយ៉ាងប្រណិត ទាំងសោភ័ណភាព ផ្លូវថ្នល់ស្អាតធំទូលាយ មានរបៀបរៀបរយ មិនរញ៉េរញ៉ៃដូចប្រទេសថៃ។

ពលរដ្ឋថៃបានសរសេរនៅបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ «อย่าชะล่าใจ เพื่อนบ้านเค้าไปไกลแล้ว» ជាមួយខ្លឹមសារថា «ខ្មែរយុគ្គសម័យថ្មីឆ្នាំ២០២១ យ៉ាងមេចដែរ ក្រុងសីហនុ ក្រុងជាប់មាត់សមុទ្រមានសក្តានុពល ផ្លូវស្អាត ផ្លូវស្មើជើងធំទូលាយ ហើយរាបស្មើ ជាងក្រុងផាត់តាយ៉ា សូម្បីតែទីក្រុងបាងកកក៏មិនអាចប្រៀបផ្ទឹមផង ខ្សែភ្លើងកប់ក្នុងដីមានរបៀបរៀបរយ មិនរញ៉េរញ៉ៃដូចប្រទេសថៃ ខ្មែរអភិវឌ្ឍន៍ទីក្រុងមានរបៀបរៀបរយបានហើយ តែហេតុអីប្រទេសថៃធ្វើមិនបាន គួរនាំគ្នាគិតភ្នាក់ងាររាជការថៃត្រូវទៅមើលការងារទុកដាក់ខ្សែភ្លើងកប់ក្នងដី ធ្វើផ្លូវស្មើជើងឲ្យស្អាត គួរចង់ដើរកំសាន្តដូចទីក្រុងខ្មែរដែលបានធ្វើ ខ្មែរអភិវឌ្ឍន៍ទីក្រុងល្អជាងប្រទេសថៃ គ្មានអ្នកណានឹកគិតថាខ្មែរវ៉ាថៃរឿងនេះ ហា ហា ហា ហា ហា ហា»

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើចរាចរណ៍ ក្នុងក្រុងព្រះសីហនុ ដែលជាទីក្រុងគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា នាភាគនិរតី រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាជាតិប្រមាណ៣០០លានដុល្លារ ដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន ៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ ដែលនេះជាសមិទ្ធផលថ្មី ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕