(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ក្រុមចោរប្លន់ ដែលបានធ្វើសកម្មភាពប្លន់ដ៏កក្រើក ក្នុងមួយរយៈពេលចុងក្រោយនេះ គឺមានមុខដដែលៗ ហើយការដោះលែងក្រុមចោរទាំងនោះ ហាក់មានភាពសេរី និង ធូរលុងថែមទៀតផង។ សម្តេចបានបញ្ជាឲ្យលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងមេពន្ធនាគារត្រូវពិនិត្យឡើងវិញ ទៅលើការដោះលែងក្រុមចោរ និងក្រុមជួញដូរគ្រឿងញៀន។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានការស្រាវជ្រាវរកឃើញយ៉ាងច្បាស់ថា ក្រុមចោរប្លន់មួយរយៈចុងក្រោយនេះ គឺមានមុខដដែល។ សម្តេចបានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «រយៈពេលចុងក្រោយនេះ យើងបានស្រាវជ្រាវពិតប្រាកដណាស់ថា អាមុខចោរដដែល។ រឿងវាងើបឡើងលើកទី៣ហើយ មុខចោរដដែលៗ គឺអាចោរជាប់គុក មិនដែលចេះជាប់គុកបានយូរទេ[...]។ [...] អាអ្នកប្លន់ហ្នឹង គឺថាចេញតែពីគុក ចឹងសូមមើលឡើងវិញ។ ឥឡូវឲ្យតែពួកចោរ និងគ្រឿងញៀន វាចេញពីគុកដូចស្រួលពេកតាហ្មង ហើយអាហ្នឹងចេញមកបង្ករឿង ពីមុនវាប្លន់ត្រឹមប្លន់ទេ អត់ទាន់ហ៊ានសម្លាប់មនុស្សទេ តែវាចេញលើកក្រោយនេះ វាហ៊ានសម្លាប់មនុស្ស»។

ដើម្បីពិនិត្យឲ្យបានល្អិតល្អន់ចំពោះការដោះលែងទណ្ឌិត នៅពេលមានសំណើឲ្យលើកលែងទោសក្នុងពិធីបុណ្យជាតិធំៗនោះ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យមន្រ្តីពន្ធនាគារធ្វើលិខិត ដោយបញ្ជាក់ និង បែងចែកឲ្យបានច្បាស់លាស់រវាងទណ្ឌិតធម្មតា និងទណ្ឌិត ជាចោរប្លន់ ឬទណ្ឌិតគ្រឿងញៀន។ សម្តេចតេជោថា សម្តេចនឹងចំណាយពេលមើលឲ្យបានល្អិតល្អន់ មុនស្នើឲ្យមានការលើកលែង ទោស។

ដើម្បីបង្រ្កាប និង ទប់ស្កាត់ការសកម្មភាពប្លន់ដ៏ក្រើកក្នុង មួយរយៈពេលចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការគ្រប់គ្រងអាវុធរបស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យបានម៉តចត់ ហើយត្រូវបើកប្រតិបត្តិការបង្រ្កាបឲ្យបានទូលំទូលាយ និង ស្នើឲ្យ ឲ្យមានការចូលរួមពីប្រជាពលរដ្ឋទូទៅផងដែរ៕

នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ព្រមានរុះរើគណៈរដ្ឋមន្រ្តី បន្ទាប់ពីមានរដ្ឋមន្រ្តីមួយចំនួនអសកម្មការងារ។

Posted by Fresh News on Thursday, February 25, 2016