(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញគូសបញ្ជាក់ថា រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ មិនមានអ្នកចាក់វ៉ាក់សាំងកូវីដ១៩ណាម្នាក់ បានស្លាប់នោះឡើយ។

ការចេញមកបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងក្រោយមានការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកថ្មីមួយទៀតថា មានមនុស្ស ៣នាក់ស្លាប់ និង ១០នាក់ទៀត កំពុងសង្គ្រោះបន្ទាន់ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩។

លោកស្រី ឱ វណ្ណឌីន បានច្រានចោលការផ្សាយព័ត៌មានមួយនេះ។ លោកស្រី បានចាត់ទុកការផ្សាយនេះ មានចេតនាបំពុលសង្គម ធ្វើឱ្យប្រជាពលរដ្ឋបាត់ជំនឿចិត្តលើការចាក់វ៉ាក់សាំងកូវីដ១៩។

លោកស្រី បានគូសបញ្ជាក់ថា «មកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មិនមានបុគ្គលណាម្នាក់ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមនៅកម្ពុជារួចហើយនោះ បានស្លាប់បាត់បង់ជីវិតដោយសារចាក់វ៉ាក់សាំងនោះឡើយ»

កម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅនេះ។ គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មានពលរដ្ឋកម្ពុជាសរុប ១៣,២៨១នាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ១៩នេះ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមានក្រុមមនុស្សមួយចំនួន បានព្យាយាមផ្សព្វផ្សាយលើបណ្តាញសង្គមថា មានមនុស្សស្លាប់ដោយសារការចាក់វ៉ាក់សាំងកូវីដ១៩នេះ។

លោកស្រី ឱ វណ្ណឌីន បានស្នើអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនដែលផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតទាំងនេះ៕