(កំពង់ស្ពឺ)៖ លោកស្រី គឹម សេដ្ឋានី ប្រធានក្រុមការងារចុះជួយឃុំសំបូរ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមគ្រូពេទ្យមកពីអង្គការសុខភាពនឹងអភិវឌ្ឍន៍កម្ពុជា ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដែលរស់នៅឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាង២០០នាក់ ដោយមិនគិតថ្លៃព្យាបាលនោះទេ។ លោក ជួប រឿន មេឃុំសំបូរបានឲ្យដឹងថា លោកស្រី គឹម សេដ្ឋានី បានទំនាក់ទំនងទៅអង្គការសុខភាពនឹងអភិវឌ្ឍន៍កម្ពុជា ដើម្បីសុំឲ្យគ្រូពេទ្យចុះ ពិនិត្យជំងឺជូនប្រជាពលរដ្ឋប្រមាណជាង២០០នាក់ ដែលមានជីវភាពខ្វះខាតហើយមានជំងឺប្រចាំកាយទាំងនេះ ទើបពួកគាត់បានទទួលការព្យាបាលយ៉ាងដូច្នេះ។

លោកមេឃុំបន្តថា ក្នុងឃុំសំបូរមាន១៨ភូមិ ដែលមានប្រជាជនសរុប ៩០៧០នាក់។ លោក ផេង រិទ្ធី ប្រធានក្រុមគ្រូពេទ្យរបស់អង្គការសុខភាពនឹងអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ជំងឺដែលក្រុមគ្រូពេទ្យ លោកចុះមកពិនិត្យនឹងព្យាបាល ជូនប្រជាពលរដ្ឋនាថ្ងៃនេះគឺ ទី១ ព្យាបាលជំងឺសន្លាក់ដៃ-ជើង និងសាច់ដុំ ដូចជា ការឈឺចាប់សាច់ដុំ ពីរបីថ្ងៃ ពិបាកធ្វើចលនា ឬធ្វើបានតិចតួចបំផុតនៅតំបន់សន្លាក់ ទី២ មានគ្រោះថ្នាក់ឬឈឺចាប់ខ្លាំង បន្ទាប់ពីលេងកីឡា ទី៣ មានការឈឺចាប់រាំរ៉ៃក្នុងការធ្វើចលនា ទី៤ មានរោគសញ្ញនៃភាពតប់ប្រមល់ ទី៥ ពិនិត្យព្យាបាលបញ្ហាភ្នែក និងទី៦ ពិនិត្យនឹងព្យាបាលជំងឺទូរទៅ ហើយបើសិនជាពលរដ្ឋណាមានបញ្ហាភ្នែកនោះ គឺខាងអង្គការនឹង ធ្វើការពិនិត្យរួមផ្តល់វែនតាជូនពួកគាត់តែម្តង។

លោក ផេង រិទ្ធី បានបញ្ជាក់ថា ទីស្នាក់អង្គការសុខភាពនឹងអភិវឌ្ឍន៍កម្ពុជា ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជាធម្មតាអង្គការសុខភាពនឹងអភិវឌ្ឍន៍កម្ពុជា តែងតែចុះជួយ ព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នឹងតាមបណ្តាខេត្តផ្សេងៗ ប៉ុន្តែថ្ងៃនេះដោយមានការស្នើសុំពីសំណាក់លោក ស្រី គឹម សេដ្ឋានី ប្រធានក្រុមការងារចុះជួយឃុំសំបូរ ដូច្នេះក្រុមគ្រូពេទ្យក៏បានបំពេញ តាមការស្នើសុំរបស់លោកស្រី។ លោកស្រី គឹម សេដ្ឋានី បានសម្លែងនៅក្តីរំភើប ត្រេតអរបំផុត នឹងបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់អង្គការសុខភាពនឹងអភិវឌ្ឍន៍កម្ពុជា ដែលបានយល់ព្រមតាមសំណើររបស់លោកស្រី ចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត នឹងមានជំងឺរាំរៃប្រចាំកាយ យូរយារមកហើយ។

លោកស្រីបន្តថា ចំពោះការចុះពិនិត្យព្យាបាលជំងឺនាពេលនេះ គឺមិនប្រកាន់និន្នាការនយោបាយពូជសាស្ត្រពណ៌សម្បូរនោះទេ គឺឲ្យតែមានប្រជាពលរដ្ឋណាម្នាក់មានជំងឺអាចមកព្យាបាលបានទាំងអស់គ្នា។ ក្នុងឱកាសនោះដែរ លោកស្រីបានសំណេះសំណាលសួរសុខទុក្ខលោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ ហើយបានលើកឡើងពីការអភិវឌ្ឍន៍ ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចទាំងបី នឹងបានប្រាប់ប្រជាពលរដ្ឋថា ទីណាមានទុក្ខលំបាកនឹងបញ្ហាផ្សេងៗ ទីនោះតែងតែមានគណបក្សប្រជាជនកម្ពុជា ចាំតាមជួយជានិច្ច ដូច្នេះបងប្អូនត្រូវចងចាំថាក្រៅពីគណបក្សប្រជាជនកម្ពុជា គឺគ្មានគណបក្សណាមាន សមត្ថភាពយកចិត្តទុកដាក់ប្រជាពលរដ្ឋដូចពេលនេះទេ៕