(ភ្នំពេញ)៖ លោក ឈុន សុជា រួមនិងប្រាពលរដ្ឋរស់នៅតាមដងផ្លូវលេខ២៣០ ក្រុម១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានធ្វើលិខិតប្តឹងទៅនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមទំព័រ Facebook របស់សម្តេច​ឲ្យជួយ​អន្តរាគមន៍​ដល់ពួកគាត់ រឿងលោកស្រី ស៊ុយ សុផាន រំលោភយកដី​សាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

នៅក្នុងលិខិតផ្ញើទៅកាន់នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ឈុន សុជា បានអះអាងថា លោកស្រី ស៊ុយ សុផាន នាយកក្រុមហ៊ុនផានអ៉ីមិច បានប្រើកងអង្គរក្សលើក​រោងសង្កសីយកទៅដាក់រំលោភលើចិញ្ចើមថ្នល់លេខ២៣០ កែង ២៥៣ ចំហៀងផ្ទះលេខ១៣J បង្កឲ្យស្ទះចរាចរណ៍ អត់ផ្លូវថ្មើរជើង បាត់សោភ័ណភាពទីក្រុង បង្កជាគំនរសំរាម សំបុកក្រុមថ្នាំញៀន និងខូចសណ្តាប់ធ្នាប់សាធារណៈថែមទៀតផង។

នៅក្នុងលិខិតនោះ លោក ឈុន សុជា បានបញ្ជាក់ថា លោកស្រី ស៊ុយ សុផាន បានបង្ខំឲ្យម្ចាស់ផ្ទះបង់ប្រាក់ចំនួន ៣០,០០០ដុល្លារជាថ្នូរ នឹងការយករោងសង្កសីនោះចេញវិញ។

លោក ឈុន សុជា បានបន្តថា «កន្លងមកយើងខ្ញុំជាម្ចាស់ផ្ទះ និង ប្រជាពលរដ្ឋ បានប្តឹងទៅអាជ្ញាធរដែន​ដីគ្រប់ជាន់ថ្នាក់​ជាយូរមកហើយ តែគ្មានដំ​ណោះស្រាយ ដូចនេះយើងខ្ញុំ​សូម​សម្តេច​ជួយ​រកយុត្តិធ៌ម និងចាត់វិធានការជូនប្រជា​ពលរដ្ឋ​ដោយអនុគ្រោះ ព្រោះយើងខ្ញុំទាំង​អស់គ្នាសង្ឃឹម យ៉ាងមុតមាំថា មានតែសមេ្តច​ទើបអាចបំបាត់​ទុក្ខវេទនា​របស់​ប្រជាពល​រដ្ឋ​បាន»

ពាក់ព័ន្ធការសាងសង់រោងសង្កសីរបស់លោកស្រី ស៊ុយ សុផាន រំលោភលើផ្លូវសាធារណៈនេះ កាលពីខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ធ្លាប់បាន​បញ្ជាទៅអភិបាល​ខណ្ឌទួលគោក ចុះទៅរុះរើម្តងរួច​មកហើយ តែរហូតមក ដល់ពេលនេះ​មិនទាន់ មានការរុះរើនៅឡើយទេ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ឈុន សុជា៕