(ភ្នំពេញ)៖ នាយករងមជ្ឈមណ្ឌលរក្សា​សន្តិភាព​កងទ័ពប្រជាជន​វៀតណាម លោក លូ ឌីងហៀង បានស្នើកងកម្លាំងរក្សាសន្តិភាពកម្ពុជា ជួយហ្វឹកហាត់ដល់កងទ័ពរបស់ខ្លួន គ្រាដែលប្រទេស​វៀតណាម ត្រៀមបញ្ជូនកង​ទ័ព​រក្សាសន្តិភាពក្រោម​ទង់អង្គការ​​សហប្រជាជាតិ​​ទៅកាន់ប្រទេស​​កំពុងកើតសង្រ្គាម។

សំណើរបស់លោក លូ ឌីងហៀង បានធ្វើឡើង ក្នុងជំនួបសំណេះសំណាល​ការងារជាមួយរដ្ឋ​លេខា​ធិការ​ក្រសួងការ​ពារ​ជាតិកម្ពុជា​ លោក ចាយ សាំងយុន នៅទីស្តីការក្រសួងការពារជាតិ នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ។

លោក លូ ឌីងហៀង បានលើកឡើងក្នុងជំនួបនោះថា បច្ចុប្បន្នរដ្ឋាភិបាល និងកងទ័ពវៀតណាម មានគោលបំណង​បញ្ជូនកងកម្លាំង​ដើម្បីចូលរួមរក្សា​សន្តិភាពជាមួយ​អង្គការសហប្រជាជាតិដែរ តែកង​ទ័ពវៀតណាម ពុំទាន់មានបទពិសោធន៍ ក្នុងការធ្វើនិតិវិធីរៀបចំ និងការត្រៀម​បញ្ជូនកម្លាំង និងប្រព័ន្ធរហ័សដូចប្រទេស​កម្ពុជានោះឡើយ។

លោក លូ ឌីងហៀង បានថ្លែងដូច្នេះ «កងទ័ពប្រជាជនវៀតណាម បានត្រៀមកង​កម្លាំងផ្នែកវិស្វកម្ម និងផ្នែកសុខាភិបាល ដើម្បីចូលរួម ក្នុងការរក្សាសន្តិភាពជូន​អង្គការ​សហប្រជាជាតិផងដែរ ហើយមជ្ឈមណ្ឌល​រក្សាសន្តិភាព​កងទ័ពប្រជាជនវៀតណាម សូមសំណូមពរ នាយទាហាន នៃកម្លាំងរក្សា​សន្តិភាពកម្ពុជា ទៅជួយបំប៉នកង​ទ័ពនៅប្រទេសវៀតណាម ឬក៏អាចកងទ័ពវៀតណាម​បញ្ជូនកម្លាំង មកបំប៉នជំនាញ​នេះ​នៅកម្ពុជាវិញក៏បាន»។

លោក លូ បានបន្តថា វត្តមានរបស់ប្រតិភូ​របស់លោក​នាពេលនេះ គឺមកធ្វើទស្សនកិច្ច និងសិក្សាដកពិសោធន៍​ពីកងកម្លាំងរក្សា​សន្តិភាព នៃកងយោធ​ពលខេមរភូមិន្ទ ដែលមានបទពិសោធន៍ និងមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ច​រក្សាសន្តិភាព​ជូនអង្គការ​សហប្រជាជាតិ នៅតាមបណ្តាប្រទេស​នានាកន្លងមក។

តែយ៉ាងណាក៏ដោយ លោក ចាយ សាំងយុន បានលើកឡើងថា ក្រសួងការពារជាតិកម្ពុជា និងវៀតណាម ត្រូវតែជួយគ្នាទៅវិញ​ទៅមកទោះ​ក្នុងកាលៈទេសៈ​ណាក៏ដោយ។

លោក ចាយ សាំងយុន បានបញ្ជាក់ថា «កងទ័ពវៀតណាមបានរួម​ចំណែកដ៍ធំធេង​​ក្នុងការកសាង​កង​យោធ​ពល​ខេមរភូមិន្ទ តាំងពីដើមរៀងរហូតមក ដោយមិនត្រឹមតែ​ជួយជាស្មារតី និង សម្ភារៈប៉ុណ្ណោះ​ទេ ថែមទាំងជួយបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ទៀតផង»

សូមរំលឹកថា ប្រទេសកម្ពុជាបានបញ្ជូន​កងទ័ពក្រោម​ទង់អង្គការ​សហប្រជាជាតិ បានជាងបីពាន់​នាក់ហើយ ចាប់តំាងពីឆ្នាំ២០០៦មក ហើយនៅខែមេសាខាងមុខនេះ កម្ពុជានឹងបន្តបញ្ជូន​កងទ័ពជាង​បីរយ​នាក់ទៀត ទៅកាន់ប្រទេសម៉ាលី បន្ទាប់ពីមានការស្នើសុំ​របស់អង្គការ​សហប្រជាជាតិនោះ៕