(ភ្នំពេញ)៖ បុរសស្ស័យម្នាក់ ដែលធ្លាប់ត្រូវ​បានសាលាដំបូងរាជ​ធានីភ្នំពេញ សម្រេចឃុំខ្លួនរយៈ​ពេលជាង១០ឆ្នាំ ដោយចោទពីបទ​ហិង្សា​ដោយចេតនា កាប់មនុស្សឲ្យរបួសធ្ងន់កាលពីអំឡុង ឆ្នាំ២០០៥ និងទើបតែចេញពីពន្ធនាគារ បានជាង១០ថ្ងៃនោះ បានមករកស៊ីជួញដូរ​គ្រឿងញៀន ក៏ត្រូវបានកម្លាំងនគរបាល​ព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយកម្លាំង​នគរបាលប៉ុស្ដិ៍​ទួលសង្កែ ចាប់ខ្លួន​នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវបេតុង​ក្រុម៨ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ម៉ៅ សុខថា អាយុ៣០ឆ្នាំ មានមុខរបរនិង ស្នាក់នៅមិនពិតប្រាកដ។ លោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ក្រោយពីមាន​បញ្ជាពីអធិការនគរបាលខណ្ឌឫស្សីកែវ ភ្លាម កម្លាំងសមត្ថកិច្ចខណ្ឌ រួមសហការ និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ក្រោមការដឹកនាំកម្លាំងផ្ទាល់ពីអធិការរង ទទួលផែនព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បើកប្រតិបត្តិការបង្ក្រាប​ជាក់ស្ដែងភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញសារធាតុញៀន ជាប្រភេទម៉ាទឹកកកចំនួន២កញ្ចប់តូច។ នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ លោក ម៉ៅ ចាន់ថុន បានបន្តថា ជនពាក់ព័ន្ធគ្រឿងញៀន​រួមនិងវត្ថុតាង ត្រូវបញ្ជូនទៅឃុំខ្លួនសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តកសាងសំនុំរឿង​បញ្ជូនខ្លួនទៅអយ្យការ​សាលាដំបូងរាជធានី​ភ្នំពេញ​ចាត់ការតាមនីតិវិធី៕