(កំពត)៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈរថយន្ត១គ្រឿង ក្រឡាប់ឆេះខ្ទេច ស្ទើrតែមើលមិនស្គាល់ប្រភេទរថយន្តផង នៅម៉ោង២៖៣០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមុខក្លោងទ្វារវត្តរលួស លើកំណាត់ផ្លូវជាតិលេខ៣ (កំពត-ព្រះសីហនុ)  ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

តាមសាក្សីបានប្រាប់អង្គភាព Fresh News ថា រថយន្តដែលក្រឡាប់បង្កការឆេះនេះ ធ្វើដំណើរពីកើតទៅលិច នៅលើរថយន្តជិះគ្នា៤នាក់ (ប្រុស៣ និងស្រីម្នាក់) ទាំងអ្នកបើកបរ។ ក្រោយឆេះភ្លាមអ្នកបើកបរ បានចុះរត់គេចខ្លួនទៅបាត់មុន ចំណែក៣នាក់ទៀត ក្នុងនោះមានស្រីម្នាក់ ប្រហែល២ម៉ោងក្រោយ ក៏បានឡើងជិះរថយន្តផ្សេងទៀត ទៅបាត់តាមក្រោយដែរ។

រថយន្តដែលឆេះនោះម៉ាក កាមរីហើម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-6093។ តាមអ្នករួមដំណើរ ប្រាប់សាក្សីនៅកន្លែងកើហេតុថា ពួកគេបានចេញពីស៊ីការមិត្តភក្តិ ហើយបានវិលត្រឡប់ ទៅអង្គភាពនៅមូលដ្ឋាន កងទ័ពជើងទឹករាមវិញ នៃខេត្តព្រះសីហនុ ហើយពួកគេសុទ្ធតែជាកងទ័ព នៅអង្គភាពរាមខាងលើ។ ការបើកបរបង្កឲ្យរថយន្ត ជួបបញ្ហាខាងលើ អាចសន្និដ្ឋានថា អ្នកបើកបរស្រវឹងស្រា ហើយងងុយដេក៕