(ភ្នំពេញ)៖ មន្រ្តីនគរបាលពាក់ស័ក្តិ៣ ម្នាក់ត្រូវបានក្មេងស្ទាវ២នាក់ វាយបណ្តាល ឲ្យបែកក្បាលហូរឈាមកក្លាក់ នៅចំណុចផ្លូវលេខ១៩៨៦ ជិតខារាអូខេ អឹមភើរៀល ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោងប្រមាណ៤ទាបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយក្រុមក្មេងស្ទាវទាំងនោះ បានចោទប្រកាន់ថា ជនរងគ្រោះ បានបើករថយន្តបុកពួកគេ។

ប្រជាពលរដ្ឋដែលបានឃើញ ហេតុការណ៍មួយនេះ បានប្រាប់ថា មុនកើតហេតុក្រុមក្មេងស្ទាវ២នាក់ ជិះម៉ូតូ មួយគ្រឿងម៉ាក Zomer X តាមបណ្តាយផ្លូវ១៩៨៦ក្នុងទិសដៅ ពីកើតទៅលិច ដោយជិះបញ្រ្ចាសផ្លូវ ជាមួយជនរងគ្រោះ លុះក្មេងស្ទាវជិះផុតបន្តិច ក៏បានដួលម៉ូតូ ពេលនោះរងគ្រោះនោះ បានឈប់រថយន្តមើល ប្រុងជួយលើក ប៉ុន្តែពេលចុះទៅដល់ បែរជាក្មេងស្ទាវទាំង២នាក់ ចោទថា គាត់ជាអ្នកបើកឡានបុកទៅវិញ ធ្វើឲ្យមានការប្រកែកគ្នា រវាងជនរងគ្រោះ និងក្មេងស្ទាវទាំង២នាក់នោះយ៉ាងខ្លាំង។

បន្ទាប់ពីប្រកែកគ្នាមិនបានប៉ុន្មាននាទីផង ជនរងគ្រោះក៏បានដើរសំដៅទៅរថយន្តវិញ តែដើរទៅមិនទាន់ដល់រថយន្តផង ក្រុមក្មេងស្ទាវ ទាំងពីរនាក់ បានដើរមកតាម ហើយបានវាយជនរងគ្រោះ ពីក្រោយ ពេញទំហឹងបណ្តាលឲ្យបែកក្បាលតែម្តង។

បន្ទាប់ពីវាយហើយ ក្មេងស្ទាវទាំង២នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន និងប្រគល់ទៅឲ្យសមត្ថកិច្ច។ ក្រោយកើតហេតុ ក្មេងស្ទាវទាំង២នាក់ រួមទាំងម៉ូតូ ត្រូវបាននាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍ភ្នំពេញថ្មី ចំណែកជនរងគ្រោះបាន ធ្វើដំណើរទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស៕