(ភ្នំពេញ)៖ ជនសង្ស័យ២ក្រុម បានធ្វើសកម្មភាពប្លន់ម៉ូតូពីប្រជាពលរដ្ឋ ជាបន្តបន្ទាប់ នៅក្នុងទឹកដីសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ប៉ុន្តែជនល្មើសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថរួមសហការគ្នា ចេញបង្ក្រាបទាន់ពេលវេលា រហូតចាប់ខ្លួនបាន។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ករណីទី១៖ បានកើតឡើងនៅម៉ោងជាង១១យប់ថ្ងៃទី២៤ ខែកុម្ភៈ ត្រង់មុខមន្ទីរពេទ្យលោកសង្ឃ តាមបណ្តោយផ្លូវ២៧១ សង្កាត់ទឹកថ្លា បង្កឡើងដោយក្រុមជនល្មើស ប្រមាណ ៦នាក់ជិះម៉ូតូ៤គ្រឿង មិនចាំម៉ាក និងប្រដាប់ដោយដាវសាំម៉ូរៃ៤ដើមបាន ជិះម៉ូតូដេញកាប់ប្លន់បុរស២នាក់ យកម៉ូតូនិចពណ៌ផ្កាឈូកមួយគ្រឿងទៅបាត់។ បន្ទាប់ពីក្រុមជនល្មើសប្លន់យកម៉ូតូទៅបាត់ ជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ទឹកថ្លាតែប៉ុណ្ណោះ។

ករណីទី២៖ បានកើតឡើងនៅវេលាម៉ោង ជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវ២០០៤ ជិតវត្តអង្គតាមិញបង្កឡើងដោយ ជនល្មើសម្នាក់បានប្រើប្រាស់កូនកាំបិត ចុងស្រួចចាក់ជនរងគ្រោះ ដែលជាអ្នករត់ម៉ូតូឌុបម្នាក់ ដើម្បីប្លន់យកម៉ូតូ Wave មួយគ្រឿង តែមិនបានសំរេច។

បន្ទាប់ពីចាក់ប្លន់ យកម៉ូតូមិនបានសំរេចហើយ ជនរងគ្រោះបានស្រែកថា ចោរៗធ្វើឲ្យអ្នកដែលនៅក្បែរនោះជាច្រើននាក់ បានចេញមកជួយនិងចាប់ជនល្មើសវាយជិតស្លាប់ផងដែរ។

បន្ទាប់ពីចាប់បានកម្លាំងសមត្ថកិច្ច បានដកហូតម៉ូតូរបស់ជនរងគ្រោះ បានមកវិញរួមជាមួយនិងវត្ថុតាងរបស់ជនល្មើសមានកូនកាំបិតចុងស្រួចមួយ ដែលបន្សល់ទុកក្រោយពេលធ្វើសកម្មភាពចាក់ប្លន់។  ជាចុងក្រោយ ជនរងគ្រោះដែលរងរបួសរួមជាមួយ និងជនល្មើសត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា នាំយកទៅសាកសួរ និងរៀបចំឯកសារបញ្ជួន ជនល្មើសទៅកាន់តុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕