(ភ្នំពេញ)៖ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបញ្ជាឲ្យជីកកាយដី បើកប្រឡាយឡើងវិញ ដែលតភ្ជាប់ពីភូមិស្នួលខ្ពស់ និងភូមិតាភេម នៅក្នុងសង្កាត់កំបូល ក្រោយពីប្រជាពលរដ្ឋ​រស់នៅតំបន់នោះ បាននាំគ្នាជួលរថយន្តដឹកដី ចាក់លុបប្រឡាយដើម្បីធ្វើផ្លូវដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និងមន្រ្តីជំនាញ។

ការចេញបញ្ជាឲ្យកាយដីបើកប្រឡាយឡើងវិញរបស់អភិបាលខណ្ឌពោធិ៍សែនជ័យខាងលើនេះ បានធ្វើឡើងភ្លាមៗ ក្រោយពីមានការចុះផ្សាយព័ត៌មានថា លោកបានឃុបឃិត​ជាមួយក្រុមឈ្មួញ​ចាក់ដី​លុប​​ប្រឡាយមួយនេះ។ លោក ហែម ដារិទ្ធ ក៏បានលើងឡើងថា ការចុះផ្សាយព័ត៌មានថា លោកឃុបឃិតជាមួយឈ្មួញឲ្យ​ចាក់លុបប្រឡាយទឹក (ប្រឡាយតូចមានភ្លឺស្រែអមសងខាង) ស្រោច​ស្រពស្រូវប្រវែង៤៥៨ម៉ែត្រ តភ្ជាប់ពីភូមិស្នួលខ្ពស់ និងភូមិតាភេម នៅក្នុងសង្កាត់កំបូល គឺដោយសារអ្នករកស៊ីបកដី និងជីកដីលក់កាច់កុងគ្នា ហើយផ្តល់ព័ត៌មានខុសទៅអ្នកសារព័ត៌មាន។

លោកអភិបាលខណ្ឌ បានប្រាប់ការសែតថា «ចំពោះការលុប​ប្រឡាយ​ទឹក​នេះ ខ្ញុំក៏មិនបានដឹងដែរ តែក្រោយពីទទួលព័ត៌មានភ្លាម ខ្ញុំបានស្រាវជ្រាវមើលទើបដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិទាំងពីរ ជាអ្នកឯកភាពគ្នាឲ្យចាក់លុប​ប្រឡាយដើម្បីធ្វើផ្លូវភ្ជាប់​ភូមិទាំងពីរនេះ ដោយពួកគាត់បានទាំងចំ​ណាយដីជាប់ និងប្រឡាយនោះ​បន្ថែមទៀតផង»

លោក ហែម ដារិទ្ធិ ថា «បន្ទាប់ពីទទួលព័ត៌មាននៃការចាក់លុបនោះ ខ្ញុំបានបញ្ជាឲ្យលោក សេង គន្ធ អភិបាលរង ចុះទៅពិនិត្យ និងដឹកនាំកម្លាំងចុះកាយរួចរាល់អស់ហើយ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោក​អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស»

លោកបានបន្តថា អាជ្ញាធររបស់លោកបានយកចិត្តទុកដាក់​ណាស់ចំពោះប្រឡាយទឹកនេះណាស់ ពោលចង់ទាញទឹកពីតំបន់ផ្សេងៗ យកមកស្រោចស្រពដំណាំកសិកម្មររបស់ប្រជាពលរដ្ឋផងដែរ ប៉ុន្តែចំពោះសង្កាត់កំបូលនេះ គឺគ្មានប្រភពទឹកនោះទេ ទើបយើងពិបាកក្នុងទាញយកប្រភពទឹកឲ្យបងប្អូនប្រើប្រាស់។

ពាក់ព័ន្ធការចោទប្រកាន់នេះដែរ លោក ហ៊ួ សៀ មេភូមិតាភេម បាននិយាយថា ប្រឡាយទឹកមួយខ្សែនេះមានប្រវែង៦០០ម៉ែត្រ ដោយតភ្ជាប់ពីភូមិតាភេមទៅភូមិស្នួលខ្ពស់ ដែលមានទទឹង៤ម៉ែត្រ ហើយការចាក់លុបប្រឡាយនេះ ដោយសារតែមានអ្នករកស៊ីជីកដី នៅចំណុចនោះ ហើយប្រជាពលរដ្ឋបាន​សំណូមពរឲ្យចាក់លុបធ្វើផ្លូវ ដោយពួកគាត់បានចូលរួម​ដោយចំណាយដីរបស់គាត់នៅជាប់និងផ្លូវ​១ម៉ែត្របន្ថែមទៀតផង ដើម្បីឲ្យអ្នករកស៊ីជីកដីជួយ​ធ្វើជាប្រឡាយទឹកអម​សងខាងផ្លូវជូន ពួកគាត់ផងដែរ និងបានហាមប្រាមមិនឲ្យជីក​ជា​រណ្តៅនោះទេ ៕