(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន បានយាងសម្ពោធសមិទ្ធផល មួយចំនួន នៅក្នុងខេត្តកំពង់ធំ។

នៅទីនោះ ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃរូបនេះ បានយាងទតអគារការិយាល័យកាកបាទក្រហម ចូលរួមសម្ពោធស្លាកឈ្មោះថ្មី នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល រួមទាំងទតមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មី នៅវិទ្យាស្ថាននេះផងដែរ។

ម្ចាស់ក្សត្រិយ៍ សិរិនថន បានយាងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីបំពេញព្រះរាជទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ កុម្ភៈ ដើម្បីចូលរួមសម្ពោធសមិទ្ធផលមួយចំនួន ពាក់ព័ន្ធនឹងវិស័យអប់រំ និងសុខាភិបាល ដែលជាព្រះរាជអំណោយរបស់ព្រះអង្គនៅកម្ពុជា ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា ម្ចាស់ក្សត្រិយ៍ សិរិនថន នឹងយាងចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៨៖២០នាទី យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ហើយអាចនឹងទៅដល់ទីក្រុងបាងកកនៅម៉ោងប្រមាណ៩៖៣០យប់៕