(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ ៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលាមានទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមទិន្ន័យរបស់នាយកដ្ឋានចរចាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ ដែលដកស្រង់ដោយស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។

ក្នុងទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ១.១៥ពាន់លានដុល្លារ ធ្លាក់ចុះ ៤៩% ធៀបនឹងឆ្នាំ២០១៩ មានតម្លៃ ២.២៧ពាន់លានដុល្លារ។ ចំណែកការនាំចូលពីថៃមានតម្លៃ ៦.១ពាន់លានដុល្លារ ធ្លាក់ចុះ ១៥% ធៀបនឹងឆ្នាំ២០១៩ មានតម្លៃ ៧.១៥ពាន់លានដុល្លារ។ តួលេខនេះបណ្តាលឲ្យមានឱនភាពជញ្ជីងពាណិជ្ជកម្មដល់ទៅ ៤.៩៥ពាន់លានដុល្លារ។

ចំពោះមុខទំនិញដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃ មកកម្ពុជាវិញមានដូចជា៖ រថយន្ត, ប្រេងឥន្ធនៈ, ជីកសិកម្ម, ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ចំពោះមូលហេតុដែលនាំឲ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានការធ្លាក់ចុះក្នុងឆ្នាំ ២០២០ បើធៀបនឹងឆ្នាំ២០១៩ យើងអាចធ្វើការកត់សំគាល់បានដូចតទៅ៖

* មូលហេតុចំបង គឺការរាំងស្ទះបណ្តាលមកពីជំងឺរាតត្បាត កូវីត១៩ ដែលធ្វើឲ្យចរន្តពាណិជ្ជកម្មរវាងភាគីទាំងពីររអាក់រអួល អាស្រ័យដោយការរឹតត្បឹតការចេញចូលច្រកព្រំដែន ធ្វើឲ្យប៉ះពាល់ទាំងមនុស្ស និងទំនិញ។

* គ្រោះទឹកជំនន់នៅក្នុងឆ្នាំ២០២០ថ្មីៗនេះបានបំផ្លាញកសិផលយើងមួយចំនួនធំៗ ទាំងគុណភាព និងបរិមាណពិសេសផលិតផលសំរាប់នាំចេញទៅថៃ ហេតុនេះហើយធ្វើឲ្យយើងពុំមានទំនិញគ្រប់គ្រាន់ សំរាប់បំរើការនាំចេញ។

* តំរូវការទីផ្សារ និងកម្លាំងទិញនៅក្នុងប្រទេសថៃថយចុះ។ ភាគច្រើនទីផ្សារថៃទិញកសិផលកម្ពុជា ហើយធ្វើការកែច្នៃដើម្បីនាំចេញបន្ត។ នៅក្នុងដំណាក់កាល កូវីដនេះ តំរូវការទីផ្សារនាំចេញរបស់ថៃក៏ធ្លាក់ចុះដែរ ដូច្នេះធ្វើឲ្យភាគីថៃទិញកាន់តែតិចទៅពីកម្ពុជា ហើយធ្វើឲ្យប៉ះពាល់ខ្លាំង ដល់ការនាំចេញរបស់យើងទៅប្រទេសថៃ។

លោកបន្តថា ដោយឡែកយើងនាំចូលទំនិញប្រើប្រាស់ (Consumer Goods) ប្រេងឥន្ធនៈ គ្រឿងយន្ត ជីកសិកម្ម ពីថៃសំរាប់ប្រើប្រាស់ក្នុងស្រុក តំរូវការក្នុងស្រុកសំរាប់ផលិតផលទាំងនេះ ពុំមានការថមថយច្រើនទេ ទោះជានៅក្នុងដំណាក់កាលកូវីតនេះក្តី ដូច្នេះទើបការនាំចូលរបស់យើងពីថៃ មានការធ្លាក់ចុះតិចជាង។

លោកបញ្ជាក់ទៀតថា «យើងសង្ឃឹមថាស្ថានភាពនៃជញ្ជីងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នឹងបានប្រសើរឡើងវិញបន្ទាប់ពីមានការចាក់វ៉ាក់សាំង ហើយសភាពការណ៍កូវីដ បានធូរស្រាលឡើងវិញ»

សូមជម្រាបថា នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានក្នុងទំហំទឹកប្រាក់៩ ៤១៧លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅថៃមានទឹកប្រាក់ ២ ២៧១លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញ មានទឹកប្រាក់ ៧ ១៤៦ដុល្លារអាមេរិក៕