(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ដែលទើបធ្វើដំណើរមកពីប្រទេសគុយវ៉ែតចូលកម្ពុជា ខណៈអ្នកជំងឺ០៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងកូវីដ១៩ថ្មីនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ធ្វើដំណើរមកពីប្រទេសគុយវ៉ែត បន្តជើងហោះហើយនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៤១នាក់ ដែលនៅក្នុងចំនួននេះមាន បុរសខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៤០នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន ០៧ នាក់ សណ្ឋាគារ មួយទៀត ចំនួន ០១នាក់ និងសណ្ឋាគារ មួយទៀត ចំនួន ៣២នាក់។

ករណីជាសះស្បើយចំនួន០៤នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសែនសុខ ស្រកក្រឡាញ់ ខេត្តសៀមរាប បានធ្វើ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

២៖ បុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។

៣៖ បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្លែង ឃុំស្រណោល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

៤៖ ស្ត្រីជនជាតិខ្មែរ អាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ បុគ្គលទាំង០៤រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៦៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៥១នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ១៦នាក់៕