(ភ្នំពេញ)៖ យោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ មានសហគ្រាសចំនួន ១,៣៥៦ ទីតាំងបានបិទលែងដំណើរការ ដែលមានកម្មករនិយោជិតបាត់បង់ការងារចំនួន ១០៨,៨២៥ នាក់ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី អ៉ិត សំហេង ត្រូវបានធ្វើឡើងក្នុងឱកាសលោកដឹកនាំគណៈប្រតិភូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបប្រជុំជាមួយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នៅវិមានរដ្ឋសភា នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា បើតាមការវាយតម្លៃផលប៉ះពាល់លើវិស័យការងារនៃកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធ គឺស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន និងបានឆ្លងកាត់នូវដំណាក់កាលលំបាកបំផុតរួចមកហើយ។

ជាក់ស្តែង ការព្យួរកិច្ចសន្យាការងាររបស់រោងចក្រ សហគ្រាស នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍បានថយពីចំណុចកំពូលនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលនៅពេលនោះមានរោងចក្រ សហគ្រាសរហូតដល់ទៅចំនួន ៤៣៣ ដែលមានកម្មករនិយោជិតចំនួន ១៥៣,៣៣៦ នាក់បាននិងកំពុងព្យួរកិច្ចសន្យាការងារ ប៉ុន្តែបើគិតមកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០នេះ មានរោងចក្រ សហគ្រាសត្រឹមចំនួន ១៥០ ដែលស្មើនឹងកម្មករនិយោជិតចំនួន ២៣,៦៨២ នាក់ប៉ុណ្ណោះ កំពុងព្យួរកិច្ចសន្យាការងារ។

លោក អ៉ិត សំហេង បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០២០ មានសហគ្រាសចំនួន ១,៣៥៦ បានបិទលែងដំណើរការ និងកម្មករនិយោជិតបាត់បង់ការងារចំនួន ១០៨,៨២៥ នាក់ ដែលចំនួននេះ គឺច្រើនជាងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នា ដែលមានសហគ្រាសចំនួន ៩៦៩ និងកម្មករនិយោជិតបាត់បង់ការងារចំនួន ៨៥,៨៨៩ នាក់ ដែលភាគច្រើន គឺជាប្រភេទរោងចក្រសហគ្រាស ក្រៅពីវិស័យកាត់ដេរ»

បើតាមលោករដ្ឋមន្ត្រីក្រសួងការងារ ក្នុងរយៈពេលដូចគ្នានេះ ក៏មានរោងចក្រ សហគ្រាសចំនួន ១,១០៣ បានបើកថ្មី និងបានបង្កើតការងារបន្ថែមចំនួន ៦១,២៥៧ នាក់ផងដែរ។

ជាមួយគ្នានោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានខិតខំផ្តល់ព័ត៌មានទីផ្សារការងារដល់អ្នកស្វែងរកការងារប្រមាណជាង ២.៣ លាននាក់ តាមរយៈវេទិកាការងារ សេវាទូរស័ព្ទ គេហទំព័រការងារ បណ្តាញទំនាក់ទំនងសង្គម និងមជ្ឈមណ្ឌលការងារជាដើម៕