(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីករលេចធ្លោ​លើការងារ​មនុស្សធម៌​ លោក អ៉ឹម ជីវ៉ា បានបង្ហោះសារថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ​ តែងតែគិតគូរដល់សុខ​ទុក្ខប្រជាពលរដ្ឋ ពិសេសថ្មីៗនេះ សម្តេចបានគិតគូរ​យកចិត្តទុក​ដាក់ជួយ​ឧបត្ថម្ភផ្តល់​ថវិកាដល់​ សិល្បករ-សិល្បកា​រិនី​​ក្រីក្រ មានជំងឺ​ និងបាត់បង់​សមត្ថភាព។

តារាសម្តែងរូបសង្ហា លោក អ៉ឹម ជីវ៉ា បានសរសេរលើបណ្តាញសង្គម Facebook ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺជាមាតាបិតាដ៏ល្អបំផុត ជួ​យប្រស់ជីវិត​ឲ្យសិល្បករ​ខ្មែរ​ដែលចាស់​ជរា​មានជំងឺ​ទីទាល់​ក្រ​ គ្មានទីពឹង ឲ្យមានដង្ហើមដក និងក្តីសង្ឃឹម អាចបន្តជីវិត​រស់បាន​យូរ និងជៀសរួចផុតពីជំងឺ ។

លោក អ៉ឹម ជីវ៉ា បាននិយាយបន្តថា កម្លាំងចិត្តរបស់សម្តេចទាំងពីរ ដែលផ្តល់ឲ្យសិល្បករ​ដែលកំពុងជួបទុក្ខសោក​គឺខ្លាំងជាងវេជ្ជបណ្ឌិត​ ខ្លាំងជាងម៉ីស៊ីល​ទៅទៀត ព្រោះស្នាមញញឹម និងការយកចិត្តទុកដាក់រស់សម្តេច​ទាំងពីរ ធ្វើឲ្យសិល្បករ​ចាស់ៗ​មានស្នាមញញឹមថ្មី សះស្បើយជំងឺផ្លូវចិត្ត និងផ្លូវកាយមួយកំរិត​ថែមទៀត ។

ជាមួយគ្នានេះដែរតារាសម្តែង លោក អ៉ឹម ជីវ៉ា បានលើកឡើងបន្ថែមថា «សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាទេវតាដែលតែងតែ​ជួយជីវិត​ប្រជាជន​ ចេះ​យល់សុខទុក្ខ​របស់​ប្រជាជន។ ខ្ញុំពិ​តជាគោរព ស្រលាញ់​សម្តេចទាំងពីរ និងក្រុមគ្រួសារ​សម្តេច​ខ្លាំង​ណាស់។ ដោយក្តីគោរព​ដ៏ខ្ពង់ខ្ពស់​អំពីខ្ញុំបាទ អ៉ឹម ជីវ៉ា» ។

សម្តីថ្លែងរបស់ លោក អ៉ឹម ​ជីវ៉ា ខាងលើនេះ​ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់ជំនួយដល់សិល្បករ និងសិល្បការិនី​ដែលកំពុងជួបការខ្វះ​ខាត និងមានជីវភាពក្រីក្រ​ បាត់បង់សមត្ថភាព​ដែលដង្ហើយ​រកជំនួយរស់បន្ថែម៕