(ភ្នំពេញ)៖ កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (FTA) ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការហើយ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមការចូលរួមពីលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងភាគីកូរ៉េខាងត្បូងដឹកនាំដោយលោកស្រី យូ ម្យូងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្ដីពាណិជ្ជកម្មកូរ៉េខាងត្បូង។

ការបិទបញ្ចប់ជាផ្លែផ្កានៃ FTA ត្រូវបានរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម មើលឃើញពីភាពវិជ្ជមានដល់ប្រទេសទាំង២ នឹងទទួលបានរួមគ្នា។ លោកបានលើកឡើថា បន្ទាប់ពីមាន FTA នឹងជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២កើនឡើងជាលំដាប់។

លោក ប៉ាន សូរស័ក្ដិ បានថ្លែងឲ្យដឹងថា «ខ្ញុំមិនអាចវាយតម្លៃបានជាក់លាក់ឡើយ ប៉ុន្ដែសង្ឃឹមថា បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះឡើង នឹងធ្វើឲ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២ នឹងកើនឡើងលើសពេលបច្ចុប្បន្ននេះ ព្រោះពេលមិនទាន់មាន FTA ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ កើនក្នុងចន្លោះ១៥ភាគរយ លើកលែងតែក្នុងឆ្នាំ២០២០នេះ ស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩»

លោកបានបន្ថែមថា «នៅពេលកម្ពុជាមានការកែច្នៃបានច្រើន នាំចេញបានច្រើន នឹងមានសន្ទុះកើនឡើងលឿន ដោយរំពឹងថា នឹងមានលើស១ពាន់លានដុល្លារអាមេរិក នៅក្នុងជញ្ជីងពាណិជ្ជកម្ម ក្នុងពេលឆាប់ៗនេះ»

លោកបានបន្ថែមថា បន្ទាប់ពីមាន FTA កម្ពុជានឹងនាំចេញទំនិញជាច្រើនប្រភេទ ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ពិសេសការនាំចេញកសិផល, ការកែច្នៃ ដែលមានពន្ធសូន្យ (០)។

លោក ប៉ាន សូរស័ក្ដិ បានឲ្យដឹងថា ដំណាំសក្ដានុពលដែលនឹងត្រូវនាំចេញរួមមាន៖ ស្វាយចន្ទី, ម្រេច, កៅស៊ូជាដើម ក្នុងនោះក៏មានការនាំចេញអង្ករ, ដំឡូងមីកែច្នៃផងដែរ។ ការខិតខំប្រឹងប្រែងនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយខ្លួន ជាប្រទេសឧស្សាហកម្ម មិនមែនត្រឹមតែលក់វត្ថុធាតុដើមនោះឡើយ។

កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញ នាពេលកន្លងមក មាន ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។ សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេស កម្ពុជា រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក។

លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងថា បន្ទាប់ពីកម្ពុជា-កូរ៉េ មាន FTA នេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងព្យាយាមទាក់ទងដៃគូកូរ៉េ ដែលរកស៊ីលើវិស័យស្រូវអង្ករនេះ ដើម្បីពិភាក្សាលទ្ធភាពធ្វើពាណិជ្ជកម្មរវាងគ្នានិងគ្នា សិក្សាពីតម្រូវការ គុណភាព និងស្ដង់ដាររបស់កូរ៉េ។

លោកបានបន្ថែមថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ពុជានាំចេញអង្ករទៅកូរ៉េ ក្នុងបិរមាណជិត២០តោនប៉ុណ្ណោះ ដែលជាបិរមាណតិចតួចបំផុតមួយ។ ទោះជាយ៉ាងណាសហព័ន្ធស្រូវអង្ករកម្ពុជា នឹងព្យាយាមសិក្សាស្វែងយល់បន្ថែមថា តើកម្ពុជាគួរធ្វើបែបណា ដើម្បីពង្រីកសក្ដានុពលក្នុងការនាំចេញអង្ករ និងការបង្កើតទីផ្សារជាមួយប្រទេសកូរ៉េ។

លោកបញ្ជាក់ថា ការនាំចេញអង្ករនេះ មិនស្ថិតក្នុងពន្ធសូន្យនោះឡើយ (០) ប៉ុន្ដែសហព័ន្ធស្រូវអង្ករកម្ពុជា នឹងរិះរកវិធី ដើម្បីទទួលបានការបញ្ចុះតម្លៃពន្ធ។ ជាទូទៅការនាំចេញអង្ករទៅកូរ៉េត្រូវបង់ពន្ធ៤០០ភាគរយ។

សូមជម្រាបថា ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែទំលំទូលាយ ដោយផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំង២ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

បន្ទាប់ពីការប្រកាសបញ្ចប់ការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ប្រទេសទាំងពីរនឹងអនុវត្តនីតិវិធីក្នុងស្រុក សម្រាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីនេះ ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅពាក់កណ្តាល ឆ្នាំ២០២១ ខាងមុខនេះ៕