(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសចិន កំពុងអន្តរាគមន៍បញ្ជូនស្រ្តីខ្មែរ២នាក់ ដែលបានរៀបការប្តីទៅប្រទេសចិន ឱ្យបានត្រឡប់មកប្រទេសកម្ពុជា បន្ទាប់ពីពួកគេបានលែងលះជាមួយប្តី និងត្រូវបានប្តីជនជាតិចិនធ្វើបាប។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។

ក្រសួងការបរទេសបានអះអាងថា ស្រ្តីខ្មែររងគ្រោះទាំង០២រូបខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ វេលាម៉ោង ០៩៖៥០ព្រឹក តាមជើងយន្តហោះ K៦ ១០០។

បើតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ស្រ្តីខ្មែររងគ្រោះទាំង២នាក់នោះរួមមាន ទី១ឈ្មោះ ស៊ុម បូណា អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបានទៅប្រទេសចិន និងទៅរស់នៅជាមួយគ្រួសារខាងប្ដី នៅខេត្តអានហួយ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៤ បន្ទាប់មកដោយសាររស់នៅមិនចុះសម្រុងជាមួយគ្រួសារខាងប្តី  នាងក៏បានលែងលះប្តីដោយមានការសម្រេចរបស់តុលាការខេត្តអានហួយ។ ចំណែកម្នាក់ទៀត មានឈ្មោះ លុន មី អាយុ២៦ ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បានទៅប្រទេសចិន និងទៅរស់នៅជាមួយគ្រួសារខាងប្ដី នៅខេត្តជឺចាំង កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៣ ហើយត្រូវប្ដីធ្វើបាប ។

 អំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុល បានផ្ដល់កន្លែងស្នាក់នៅ ការហូបចុក ជូនស្ត្រីខ្មែររងគ្រោះទាំងពីររូបនេះ ផងដែរ។

គួរបញ្ជាក់ថាក្រៅពីជួយអន្តរាគមន៍ដល់ស្រ្តី២រូបខាងលើ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ក៏បានអន្តរាគមន៍ជួយពលការិនីខ្មែរ រងគ្រោះ០១រូប ឈ្មោះ ចៀន ចាន់ធឿន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកវិហារសួគ៌ ខេត្តកណ្ដាល ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសថៃ បន្ទាប់មកឆ្លងទៅប្រទេស ឡាវ ឱ្យបានវិលត្រឡប់មកកម្ពុជាវិញផងដែរ។ ពលការិនី ចៀន ចាន់ធឿន បានមកដល់កម្ពុជា កាលពីនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦  តាមច្រកព្រំដែន ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង៕