(ហ្វីជី)៖ យោងតាមការឲ្យដឹងពីសំណាក់​អាជ្ញាធរប្រទេសហ្វីជី (Fiji) នៅព្រឹកថ្ងៃពុធនេះថា ចំនួន​អ្នក​ស្លាប់ដោយសារព្យុះត្រូពិក Cyclone Winston បានកើនឡើងដល់ ៤២នាក់ ខណៈដែលមនុស្ស​ជាច្រើននាក់ត្រូវបានគេរាយការណ៍មកថា បានរងរបួស នេះបើយោងតាមការចេញផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីជី បានឲ្យដឹងថា សាលារៀនប្រមាណ ៦០ភាគរយ បានរងផលប៉ះពាល់ដោយគិតជា ទឹកប្រាក់មានចំនួនប្រមាណ ២,៣លានដុល្លារអាមេរិក ចំណែក​ឧស្សាហកម្មផលិតស្ករវិញ ក៏ទទួលរងផលប៉ះពាល់ផងដែរ ដោយគិតជាទឹកប្រាក់​មាន​ចំនួនប្រមាណ ៨៣លានដុល្លារអាមេរិក។

ព្យុះត្រូពិក Cyclone Winston បានចាប់ផ្ដើមវាយប្រហារប្រទេសប្រជុំកោះហ្វីជី កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ ជាមួយនឹងកម្លាំងខ្យល់ ដ៏ខ្លាំងក្លា ហើយបើតាមសំដីរបស់ពលរដ្ឋដែលរស់នៅលើកោះនេះបានឲ្យដឹងថា វាជាប្រវត្តិសាស្ត្រសម្រាប់ ពួកគាត់ ព្រោះថាកន្លងមកមិនធ្លាប់មានព្យុះបែបនេះឡើយ។

គួរបញ្ជាក់ផងដែរថា ក្រៅពីផ្ទះសម្បែរ នៅមានដើមឈើ និងហេរដ្ឋរចនាសម្ព័ន្ធជាច្រើនទៀត ដែលរងការបំផ្លិចបំផ្លាញ ហើយនៅពេលនេះ នាយករដ្ឋមន្ត្រីហ្វីជី លោក Frank Bainimarama ក៏បានអំពាវនាវឲ្យមានអន្តរគមន៍ជំនួយមនុស្សធម៌ ពីអន្តរជាតិផងដែរ ព្រោះពលរដ្ឋហ្វីជី ត្រូវការស្បែង និងជម្រកស្នាក់នៅ៕