(ភ្នំពេញ)៖ ពានរង្វាន់អំណាចយុវវ័យដើម្បីអភិវឌ្ឍន៍(Youth Champion Awards) ទើបតែត្រូវបានបង្កើតឡើងដោយមូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន (UNFPA)ប្រចាំនៅកម្ពុជា ដើម្បីផ្តល់អំណាចទៅយុវជនតាមរយៈ សិទ្ធិសុខភាពបន្តពូជ និងសុខភាពផ្លូវភេទយុវវ័យ សមភាពយេនឌ័រ និងសុខភាពផ្លូវភេទក្រុមស្រឡាញ់ភេទដូចគ្នា LGBT/SOGI។

តាមរយៈហ្វេសប៊ុករបស់អង្គការ UNFPA ដែលមានឈ្មោះថា «The Power of Young People» បានបញ្ជាក់ពីគោលបំណង និងលក្ខខណ្ឌជ្រើសរើសដើម្បីទទួលបានពានរង្វាន់នេះ គឺសំដៅទៅលើអ្នក​ដែលមានបំពេញកិច្ច​ការជំនាញផ្សេងៗគ្នា ដែលមានការចូលរួមមានលក្ខណៈលេចធ្លោ ក្នុងការលើកកម្ពស់សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងបញ្ហាសមភាពយេនឌ័រ​ដោយគ្មានការរើស​អើងពីភេទ។

កន្លងមក អ្នកដែលទទួលរង្វាន់នេះដំបូងគេគឺកញ្ញា រិទ្ធ សារីតា ដែលជាអ្នកកាន់កម្មវិធី និងអត្ថាធិប្បាយ Love9 នៃទូរទស្សន៍ CTN នៅខែធ្នូឆ្នាំ២០១៥។ បន្ទាប់មកលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់បញ្ជូលមេរៀន បំណិនជីវិតស្តីពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទយុវវ័យ ទៅក្នុងកម្មវិធីសិក្សា ខែមករាឆ្នាំ២០១៦។

ខែកុម្ភៈនេះ គឺបានស្ទួនគ្នាទៅលើ លោក តុង សុប្រាជ្ញ និងលោក ស៊្រុន ស្រន។ លោក តុង សុប្រាជ្ញ ត្រូវបានគេទទូលស្គាល់ថា ជាអ្នកសិក្សាស្រាវជ្រាវទៅ​លើឥរិយាបទផ្លូវភេទរបស់​យុវវ័យចំពោះទិវានៃក្តីស្រឡាញ់ ទី១៤កុម្ភៈ និងបានធ្វើការតស៊ូមតិដើម្បីផ្លាស់ប្តូរឥរិយាបទយុវវ័យបែបលក្ខណៈវិជ្ជមាន។

តាមរយៈការសិក្សាស្រាវជ្រាវរបស់​លោកមួយទៀតស្តីពីការចាប់រំលោភ​សេពសន្ថវៈដោយក្រុមយុវជនទំនើង(រំលោភបូក) លោកក៏បន្តកិច្ចការនេះធ្វើការផ្តល់ចំណេះ​ដឹងអំពីអំពើហិង្សាយេនឌ័រ និងការទប់ស្កាត់។ ជាងនេះទៅទៀត លោកសុប្រាជ្ញ ក៏ជាអ្នកវិភាគសង្គមប្រចាំសប្តាហ៍របស់កាសែតភ្នំពេញប៉ុស្តិ៍ផងដែរ ក្នុងលើកកម្ពស់សិទ្ធិសុខភាពបន្តពូជរបស់យុវវ័យ និងសមភាពយេឌ័រ។

រីឯលោក ស្រន ស្រន គឺជាជនសកម្មក្នុងការតវ៉ាដើម្បីសិទ្ធិ​របស់ក្រុមស្រឡាញ់ភេទដូចគ្នា (LGBT/SOGI) ឲ្យមានសិទ្ធដូចគ្នា និងលុបបំបាត់ការរើសអើងភេទ តាមរយៈការលើកកម្ពស់សុខភាពផ្លូវភេទ​របស់ក្រុមស្រឡាញ់ភេទ​ដូចគ្នាផងដែរ។

អ្នកទាំង២នាក់នេះ ត្រូវបានគេទទួលស្គាល់ទាំងក្នុងស្រុក និងនៅថ្នាក់តំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិកផងដែរ ថាជាអ្នកសកម្មក្នុងការនាំទៅរកការផ្លាស់ប្តូរឥរិយាបទបែបវិជ្ជមាន៕

រូបភាពពី Facebook Page: «The Power of Young People - Youth Champion Awards»