(ភ្នំពេញ)៖ បុរសកើតជំងឺផ្តាសាយជ្រូក (H1N1) ដំបូងគេនៅកម្ពុជា បានទទួលមរណភាពហើយនៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បន្ទាប់ពីរួបគេបានដេកព្យាបាលជំងឺក្នុងមន្ទីរពេទ្យរុស្ស៊ី អស់ជាច្រើនថ្ងៃ។

អ្នកស្រី ព្រំ អូន ត្រូវជាម្តាយមីងរបស់បុរសរងគ្រោះ បានឲ្យដឹងថា សពត្រូវបានដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

សូមបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ ឃុន ណូ ជាបុគ្គលិក CTN និង MyTV ផ្នែកកាំម៉ារ៉ា។ លោក ឃុន ណូ គឺជាក្មេងកំព្រាឪពុក-ម្តាយ តាំងពីក្មេង។ មរណភាពរបស់លោក បានទុកឲ្យភរិយា និងកូនក្នុងផ្ទៃជិតគ្រប់ខែ ត្រូវរស់នៅដោយខ្វះបង្គោលជីវិត។

លោក ឃុន ណូ ត្រូវបានរកឃើញថា កើតជំងឺផ្តាសាយជ្រូកកាលពីថ្ងៃទី២០ ខែកុម្ភៈ លោកត្រូវបានដាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ដោយមានការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ​ជំនាញ ព្រមទាំងមន្រ្តីអង្គការសុខភាពពិភពលោកផងដែរ៕