(កំពង់ឆ្នាំង)៖ ក្រោយពីទទួលបានព័ត៌មាន ពីស្ថានកុមារកំព្រា ៤នាក់ រស់នៅជាមួយជីដូន វ័យចំណាស់អាយុ៧៥ឆ្នាំ ជាចាស់គ្មានទីពឹង ឈ្មោះលោកយាយ មួងតៃ រស់នៅក្នុងជីវភាព​ជួបកសរលំបាក​ខ្វះខាតខ្លាំង រស់នៅស៊ីអត់ស៊ីឃ្លាន ខណៈឳពុកទៅ​មានប្រពន្ធថ្មី និងម្ដាយចេញទៅធ្វើការ​នៅប្រទេសថៃ បច្ចុប្បន្នរស់ក្នុង​ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកថវិកា និងសម្ភារៈ​មួយចំនួន ជាអំណោយមនុស្សធម៌របស់ សម្តេចកិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ក្នុងនោះរួមមានថវិកា ១,៥០០,០០០រៀល  សម្រាប់ជួយដល់​លោកយាយ ដើម្បីដោះស្រាយបំណុល​ជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​អេអិមខេ (AMK) ដែលបានខ្ចី​ដើម្បីព្យាបាល​ជំងឺកន្លងមក។
លោកយាយមាន​កូនស្រីម៉េម៉ាយម្នាក់ ធ្វើចំណាកស្រុករកស៊ី ដើម្បីដោះបំណុលគេ ដែលក្នុង​លោកយាយ មានបន្ទុកចិញ្ចឹម​ចៅ៤នាក់ (ប្រុស២ ស្រី២) ដែលចៅស្រីម្នាក់ត្រូវឪពុកមាចាប់រំលោភ ហើយត្រូវ​បាន​​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចាត់ឲ្យអភិបាលខេត្ត កំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ធ្វើ​យ៉ាងណា ចាប់ជនល្មើសចិត្ដតិរច្ឆាន​នោះឲ្យបាន រួមទាំងរកកន្លែងឲ្យស្នាក់​នៅរៀន​សូត្រក្នុងមណ្ឌល​កុមារកំព្រា រួមជាមួយចៅ​២នាក់ទៀត ដោយទុកចៅប្រុស​ម្នាក់អាយុ១២​ឆ្នាំ នៅថែទាំ​លោកយាយ ។

លោកស្រី អគ្គលេខាធិការរងទី១ បានឆ្លៀតឱកាសនោះផងដែរ ចុះទៅសួរសុខទុក្ខ និងចែកអំណោយរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់ចាស់ជរាក្រីក្រ និងគ្រួសារពិការក្នុងភូមិចំនួន ១៣ គ្រួសារទៀត ដែលស្ថិតក្នុងភូមិ ឃុំខាងលើ ដែលក្នុងមួយ​គ្រួសារទទួល​បាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកា ៥ម៉ឺនរៀលផងដែរ៕