(កំពង់ចាម)៖ បុគ្គលិកក្រុមហ៊ុនទូរស័ព្ទ097 Metfone ម្នាក់បានធ្លាក់ស្លាប់មួយរំពេច ខណៈដែល​ជនរងគ្រោះ កំពុងឡើងតខ្សែកាប្តិ៍ នៅលើបង្គោល​ភ្លើង​ដែលមាន​កម្ពស់៨ម៉ែត្រ ស្រាប់តែដាច់​ខ្សែក្រវ៉ាត់​ការពារ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចក្បាល​ស្ពានពង្រ ភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ វីសុភាច អាយុ២០ឆ្នាំ។ បើតាមមន្រ្តីនគរបាល មុនពេលកើតហេតុ ជនរងគ្រោះ បានឡើងទៅលើបង្គោលភ្លើង​ដែលមាន​កម្ពស់​៨ម៉ែត្រ ដើម្បីតខ្សែកាប្តិ៍ ដោយមានការពាក់ខ្សែ​ក្រវ៉ាត់​ដូចសព្វរាល់​ដង ស្រាប់តែកំពុងតនោះ​​ខ្សែក្រវ៉ាត់​ការពារបានដាច់ ក៏ធ្លាក់ជនរង​គ្រោះមកក្រោម​បណ្តាលឲ្យ​ស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះទៅធ្វើ​កោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើបង្គោលភ្លើងប្រាកដមែន។

ក្រោយពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាមប្រពៃណី៕