(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់ Fresh News នៅរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា គណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ បានសម្រេចបញ្ជូនសំណុំរឿងព្រៃឈើ ចំនួន២៦ករណី ទៅកាន់តុលាការ ប៉ុន្តែលោកថា ២៦សំណុំរឿងនេះគ្រាន់តែជាបទល្មើសតូចតាចប៉ុណ្ណោះ ហើយការស៊ើបអង្កេត លើបទល្មើសព្រៃឈើធំៗ នៅមិនទាន់ចប់នោះទេ។

លោក អេង ហ៊ី បានអះអាងបែបនេះ បន្ទាប់ពីគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលជាប្រធានគណៈកម្មការ បើកកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបង្រ្កាប បទល្មើស ព្រៃឈើរបស់ខ្លួននៅថ្ងៃម្សិលមិញ។ របាយការណ៍របស់គណៈកម្មការនេះ បានឱ្យដឹងថា សំណុំរឿងព្រៃឈើដែលបាន បញ្ជូនទៅតុលាការពេលនេះមានចំនួន៣ខេត្ត ក្នុងនោះមានខេត្តក្រចេះចំនួន៥ករណី (ក្រុមហ៊ុនចំនួន៤ករណីនិងឯកជនចំនួន ១ករណី) ខេត្តស្ទឹងត្រែង ចំនួន១៩ករណី និងខេត្តមណ្ឌលគិរីចំនួន២ករណី។

បាយការណ៍របស់គណៈកម្មការនេះ ក៏បានបញ្ជាក់ថា ក្នុងការបង្រ្កាបកន្លងមកសមត្ថកិច្ចបានរកឃើញវត្ថុតាងនៃបទល្មើសមួយចំនួន ដូចជា ខេត្តស្ទឹងត្រែង៣២៨៣ដុំ ស្មើ២៥០.១៩៤ម៉ែត្រគូប គោយន្តកន្ត្រៃយ៍ចំនួន៤គ្រឿង និងរណាយន្តចំនួន៤គ្រឿង។ ខេត្តមណ្ឌលគីរី៖ ចាប់រថយន្តបានចំនួន៨គ្រឿង ទោចក្រយានយន្ត២គ្រឿង ម៉ាស៊ីនអាឈើចំនួន១គ្រឿងម៉ាស៊ីនជ្រៀកឈើចំនួន ១គ្រឿង រណាយន្ត២គ្រឿង ម៉ាស៊ីនគោយន្ត១គ្រឿង។ ខេត្តរតនៈគិរី៖ ចាប់ឈើបាន៥៦៥ដុំ ស្មើ១៧៦.៤០៩ម៉ែត្រគូប និង ខេត្តក្រចេះ៖ ចាប់ឈើបានចំនួន៣,០៩៤កំណាត់ ស្មើ៦៦៧,៥០៦ម៉ែត្រគូប ជន្លង់ម្រេចចំនួន២៤៦ រណាយន្តចំនួន១គ្រឿង។

ចំពោះក្រុមហ៊ុនដែលមានការពាក់ព័ន្ធនឹងព្រៃឈើធំៗក្នុងខេត្តរតនៈគិរីវិញ មានដូចជា ក្រុមហ៊ុនដូនពេញមានឈើ៨៨៣៣កំណាត់ ស្មើ១៨៥ម៉ែត្រគូប, ក្រុមហ៊ុន ទ្រីភាព មានឈើ ៨១៥៧ដុំ ស្មើ២៧៥,៤៦០ម៉ែត្រគូប, ក្រុមហ៊ុនចែងប៉ូលីន មានឈើ ១,៣១២,៩១៥ម៉ែត្រគូប។នេះបើតាមរបាយការណ៍ដដែល៕