(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរំលឹកដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនទូទាំងប្រទេស និងមន្ទីរផ្សេងៗទៀត សូមកុំស្តាប់តែរដ្ឋមន្ត្រី មិនស្តាប់អភិបាលខេត្ត ឬស្តាប់តែអភិបាលខេត្ត មិនស្តាប់រដ្ឋមន្ត្រីនោះ។

ការរំលឹកយ៉ាងដូច្នេះរបស់សម្តេច ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន៖ អគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចជឿជាក់ទៅលើក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់និនជាមួយនឹងបញ្ហាកំណែទម្រង់នៅក្នុងវិស័យរបស់សាធារណការ ការងារផ្លូវថ្នល់ ស្លាកលេខថយន្ត និងមានកំណែទម្រង់ ច្រើនទៀត ហើយយើងគប្បីបន្តលើកទឹកចិត្តឱ្យមន្ត្រីរាជការផ្នែកនេះធ្វើកិច្ចការតាមខេត្តដូចគ្នា ព្រោះមានមន្ទីនៅតាមខេត្ត ដែលត្រូវជាសេនាធិការរបស់គណៈអភិបាលខេត្ត ព្រោះយើងកំពុងតែផ្ទេរអំណាចទៅឱ្យថ្នាក់ក្រោមជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះថា «សូមរំលឹក សូមលោកប្រធានមន្ទីរទាំងឡាយប្រយ័ត្ន ប្រយ័ត្នត្រង់អញ្ចេះ អ្នកខ្លះធ្លាប់មានពិសោធន៍ហើយរឿងនឹង ដោយសារប្រធានមន្ទីរ គឺត្រូវចាត់តាំងប្រកាសដោយរដ្ឋមន្ត្រី ក្រោយមានសំណើពីគណៈអភិបាលខេត្ត អញ្ចឹងទេបែរជាមិនស្តាប់អភិបាលខេត្ត ស្តាប់តែរដ្ឋមន្ត្រី ឯពេលខ្លះទៀតដោយសារខ្លួននៅថ្នាក់ក្រោមជាតិ មិនស្តាប់រដ្ឋមន្ត្រី បែរជាទៅតាមតែគណអភិបាល ប៉ុន្តែអានឹងរឿងនឹងជារឿងម្យ៉ាង តែរឿងដែលសំខាន់ជាងនេះទៀត ប្រាប់ចៅហ្វាយខេត្តថាស្តាប់រដ្ឋមន្ត្រី ដល់មករដ្ឋមន្ត្រី រដ្ឋមន្ត្រីក៏អត់ដឹង ចឹងទីចុងបំផុតមនុស្សនេះអត់ដឹងនៅណាពិតប្រាកដ»

សម្តេចបានបញ្ជាក់ទៀតថា រឿងនេះធ្លាប់មានកាលពីពេលមុន ដោយប្រធានមន្ទីររដ្ឋមន្ត្រីក៏ក្តាប់អត់បាន ចៅហ្វាយខេត្តក៏ក្តាប់អត់បាន ចឹងហើយគាត់មិនដឹងធ្វើអីតែម្តង អាហ្នឹងត្រូវតែប្រុងប្រយ័ត្នកន្លែងនឹង ចឹងកន្លែងធ្វើការល្អ ហើយអ្វីដែលសំខាន់ជាងនេះទៀតគឺធ្វើកិច្ចការឱ្យបានល្អ និងមានប្រសិទ្ធភាព៕