(បន្ទាយមានជ័យ)៖ ផ្លូវជាតិមានប្រវែង ៣.៣០០ម៉ែត្រ ដែលបានរងការខូចខាតដោយជំនន់ទឹក ច្រោះដាច់ដោយអន្លើៗចាប់ពីវង្វង់មូលស្រីគ្រប់ល័ក្ខ ដល់ផ្លូវបំបែកស្រុកមង្គលបូរី ត្រូវបានជួសជុលឡើងវិញ ដោយចាក់កៅស៊ូប្រភេទ DBST។

លោក សុក ចាន់ថា ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០២០កន្លងមក ផ្លូវពីចំណុចរង្វង់មូលស្រីគ្រប់ល័ក្ខ ដល់ផ្លូវបំបែកទៅស្រុកមង្គលបូរី បានរងការខូចខាតដោយទឹកជំនន់ ដែលទឹកហូរធ្លាក់មកពីស្រុកថៃយ៉ាខ្លាំង បណ្តាលហូរកាត់ផ្លូវជាតិច្រោះដាច់ជាដុំៗច្រើនកន្លែង ពេលនោះមានកម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកផ្ទាល់ សហការជាមួយអាវុធហត្ថ នគរបាល និងយោធា ជាច្រើននាក់ បានខិតខំប្រឹងប្រែងច្រកខ្សាច់ទប់ទឹកលើចិញ្ចើមផ្លូវ មិនឲ្យទឹកហូរកាត់ផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកបានស្រួល។

លោកបានបញ្ជាក់ថា «ការងារជួសជុលផ្លូវជាតិច្រោះដាច់ដោយជំនន់ទឹកភ្លៀងនេះ បានធ្វើឡើងតាមការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពោលត្រូវស្ថារឡើងវិញចំពោះផ្លូវដែលរងការខូចខាតដោយទឹកជំនន់ទាំង៩ស្រុកក្រុង»

លោក សុក ចាន់ថា បានបន្តទៀតថា ផ្លូវដែលរងការខួចខាតដោយទឹកជំនន់ ក្រុមការងាររបស់លោកបានចាប់ផ្តើមស្ថានាឡើងវិញចាប់ពីដើមខែមករា ឆ្នាំ២០២១ជាបណ្តើរៗ ដោយចាក់កៅស៊ូ DBST និងមានប្រឡាយរំដោះទឹកដោយរៀបថ្មភ្នំ ឬថ្មប្រឡុងផ្នែកខាងលិចផ្លូវមានទទឹងខាងលើ ២ម៉ែត្រជម្រៅ១ម៉ែត្រ២តឹក បាតក្រោម៨តឹក។

ការជួសជុលផ្លូវ២ដំណាក់កាល រួមមាន៖

*ដំណាក់កាលទី១៖ ពីចំណុចក្បាលស្ពានសែសិនខាងកើត ដល់ព្រំប្រទល់ស្រុកមង្គលបូរី ដែលមានទទឹងផ្លូវប្រវែង ១១ម៉ែត្រ

*ដំណាក់កាលទី២៖ ពីចំណុចក្បាលស្ពានសែនសិនខាងលិច ដល់រង្វង់មូលស្រីគ្រប់ល័ក្ខ ត្រូវជួសជុលកន្លែងដែលខូច និងរៀបចំខឿនការ៉ូឡាឡើងវិញ។

លោក សុខ ចាន់ថា បានបញ្ជាក់ទៀតថា ក្នុងគម្រោងជួសជុលផ្លូវថ្នល់ស្ពាន ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ កន្លងមក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ទទួលបានចំនួន ២គម្រោង ដែលគ្រោងបើកការដ្ឋានជួសជុលចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ៕