(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានឋានៈជា «ទេសរដ្ឋមន្ត្រី» ហើយទទួលបានសេចក្តីទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យកាន់ក្រសួងពាណិជ្ជកម្ម រយៈពេលពីរឆ្នាំកន្លះចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។ នៅខែមេសា ឆ្នាំ២០១៦ លោកត្រូវបានផ្លាស់មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនវិញ ហើយបន្តកាន់តែណែងរហូតមកដល់ពេលបច្ចុប្បន្ន។

ក្នុងនាមជារដ្ឋមន្ត្រីប្រសូត្រចេញពីរើសដោយផ្ទាល់ដៃរបស់សម្តេចតេជោ ហ៊ុន សែន, ក្នុងការជារដ្ឋមន្ត្រីនៃក្រសួងទាំងពីរនេះ លោក ស៊ុន ចាន់ថុល ទទួលបានការគាំទ្រ និងកោតសរសើរច្រើនពីប្រជាពលរដ្ឋ ចំពោះភាពជាអ្នកដឹកនាំ និងការធ្វើកំណែទម្រង់ជាច្រើនលើការផ្តល់សេវា។

លោក ស៊ុន ចាន់ថុល ជាកុលបុត្រខ្មែរមួយរូប ដែលបានចាកចេញពីប្រទេសកម្ពុជាតាំងពីក្មេងក្នុងឆ្នាំ១៩៧៣ នៅពេលប្រទេសកម្ពុជាធ្លាក់ចូលក្នុងយុគសម័យសង្គ្រាមស៊ីវិល និងការបំផ្លិចបំផ្លាញដ៏មហន្តរាយ។ ដំណើរចេញពីប្រទេសរបស់យុវជន ស៊ុន ចាន់ថុល នាពេលនោះ មានប្រាក់ក្នុងហោបៅត្រឹម ៥០ដុល្លារប៉ុណ្ណោះ។

ដល់ដីអាមេរិកដោយការគ្មានជំនាញភាសាអង់គ្លេស លោក ស៊ុន ចាន់ថុល បានចំណាយពេលជាច្រើនឆ្នាំនៅ Maryland សហរដ្ឋអាម៉េរិក សិក្សាភាសាអង់គ្លេសផង រកប្រាក់ផ្គត់ផ្គង់ការសិក្សា តាមរយៈការលាងចាននៅភោជនីយដ្ឋាននៅពេលយប់។

លោក ស៊ុន ចាន់ថុល បានទទួលអាហារូបករណ៍មួយ ដែលជាការសម្រេចបានក្ដីសុបិនរបស់លោក។ ក្រោយមក លោកបានចូលរួមបម្រើការក្នុងកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន General Electric ហើយបានបម្រើរយៈពេលជាង១៦ឆ្នាំក្នុងមុខតំណែងជាច្រើននៅសហរដ្ឋអាម៉េរិក និងប្រទេសបារាំង។ ជាលទ្ធផលចុងក្រោយ លោកត្រូវបានតែងតាំងឱ្យទទួលមុខតំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុន General Electric ប្រចាំប្រទេសថៃ។

នៅឆ្នាំ១៩៩៤ ក្នុងពេលកម្ពុជាត្រូវការធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេសឡើងវិញនោះ លោក ស៊ុន ចាន់ថុល ត្រូវបានស្នើឱ្យវិលត្រឡប់មកជួយកសាងប្រទេសឡើងវិញ និងបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាស្ថាប័នច្រកចេញចូលតែមួយ ទទួលបន្ទុកកិច្ចការវិនិយោគផ្ទាល់ពីបរទេស ដែលលោកបានបម្រើការជាអគ្គលេខាធិការចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ១៩៩៧ នៅក្នុងស្ថាប័ននេះ។ ក្នុងរយៈពេលនេះ លោក ស៊ុន ចាន់ថុល ក៏បានបម្រើការជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។

នៅពេលបញ្ចប់ភារកិច្ចទាំងនេះ លោក ស៊ុន ចាន់ថុល បានវិលត្រឡប់មកកាន់វិស័យឯកជនវិញ ដោយចូលរួមកម្មវិធីគ្រប់គ្រងជាន់ខ្ពស់នៅសាកលវិទ្យាល័យ Wharton រដ្ឋ Pennsylvania ក្នុងឆ្នាំ១៩៩៧ ហើយទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ១៩៩៩។

លោក ស៊ុន ចាន់ថុល បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាជាថ្មីម្ដងទៀត ហើយបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្ម និងវិនិយោគផ្ទាល់ខ្លួននៅក្នុងឆ្នាំ១៩៩៩។ ចាប់ពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០០៣ លោក ស៊ុន ចាន់ថុល បានបម្រើការជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រធានសភាជាតិ ហើយក្នុងឆ្នាំ២០០៣ លោកត្រូវបានជាប់ឆ្នោតជាសមាជិកសភាតំណាងរាស្ត្រខ្មែរមួយរូប។

លោក ស៊ុន ចាន់ថុល ត្រូវបានរាជរដ្ឋាភិបាល ផ្តល់តួនាទីជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ហើយជាទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។ លោក ស៊ុន ចាន់ថុល បានបម្រើការងារជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារហូតដល់ខែមេសា ឆ្នាំ២០១៦។

នៅក្នុងខែកញ្ញា ឆ្នាំ២០១៣ លោក ស៊ុន ចាន់ថុល ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជារដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម។ ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានបំពេញការងារប្រកបដោយបេសកកម្មច្បាស់លាស់ ដើម្បីធ្វើកំណែទម្រង់ក្រសួងធ្វើឱ្យប្រសើរឡើងដល់កិច្ចសម្រួលពាណិជ្ជកម្មនៅក្នុងផ្នែករដ្ឋបាល គាំទ្រការអភិវឌ្ឍវិស័យឯកជនតាមរយៈបង្កើនតម្លាភាព និងប្រសិទ្ធភាពនៅក្នុងក្រសួង និងដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមសម្រាប់ប្រទេស។

ក្នុងរយៈពេលបំពេញការងារចំនួនពីរឆ្នាំកន្លះនៅក្រសួងពាណិជ្ជកម្មលោក ស៊ុន ចាន់ថុល បានធ្វើកំណែទម្រង់សំខាន់ៗជាច្រើន ដើម្បីពន្លឿនការធ្វើឱ្យប្រសើរឡើងដល់បរិយាកាសពាណិជ្ជកម្មរបស់កម្ពុជា។ កំណែទម្រង់សំខាន់ៗទាក់ទងនឹងការរៀបចំរចនាសម្ព័ន្ធ អង្គការលេខក្រសួងពាណិជ្ជកម្មឡើងវិញ ត្រូវបានអនុវត្តកន្លងមករួមមាន៖ ការដាក់ចេញនូវដំណើរការ ជ្រើសរើសមន្ត្រីឱ្យចូលបម្រើការប្រកបដោយតម្លាភាព ដើម្បីអាចតែងតាំងបេក្ខជនមានសមត្ថភាពបំពេញការងារបានល្អបំផុត។

លោក ស៊ុន ចាន់ថុល ក៏បានធ្វើប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីពាណិជ្ជកម្ម និងវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញផងដែរ ដែលធ្វើឱ្យប្រព័ន្ធទាំងនេះ អាចដំណើរការតាមអនឡាញ ដើម្បីកាត់បន្ថយការបង់កម្រៃសេវាក្រៅផ្លូវការយ៉ាងច្រើន និងពង្រឹងកិច្ចសម្រួលពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។

នៅអំឡុងពេលបំពេញការងាររបស់ឯកឧត្តម ក្រសួងពាណិជ្ជកម្មបាន ផ្តួចផ្តើមគំនិតឱ្យមានការពិគ្រោះយោបល់បើកចំហថ្មីមួយជាមួយសាធារណជនដោយមានការផ្សព្វផ្សាយជ្រាបចូលទៅដល់ស្រទាប់យុវជនជំនាន់ក្រោយនៅតាមបណ្ដាញសង្គមហ្វេសប៊ុក (www.facebook.com/ moc.gov.kh) ដែលទទួលបានប្រិយមិត្តគាំទ្រប្រមាណជាង ៦៣ម៉ឺននាក់ ក្នុងរយៈពេលពីរឆ្នាំកន្លះ និងតាមបណ្ដាញ YouTube ផងដែរ។ បណ្ដាញទាំងពីរនេះ បានធ្វើបច្ចុប្បន្នភាពឥតឈប់ឈរទាក់ទងនឹងសកម្មភាពថ្មីៗបំផុតនៅក្រសួងពាណិជ្ជកម្ម និងផ្តល់ឱ្យសាធារណជនបានដឹងអំពីការរីកចម្រើនប្រកបដោយតម្លាភាពទាំងស្រុង។

កំណែទម្រង់របស់លោក ស៊ុន ចាន់ថុល នៅក្រសួងពាណិជ្ជកម្ម ត្រូវបានគេទទួលស្គាល់ថា ជាជំហានលើកដំបូងឆ្ពោះទៅកាន់យុទ្ធសាស្ត្រទំនាក់ទំនងសាកល និងទំនើបកម្ម សម្រាប់ស្ថាប័នរដ្ឋាភិបាលកម្ពុជា។ ដោយទទួលស្គាល់ពីសារសំខាន់នៃព័ត៌មាន និងការអប់រំកាន់តែប្រសើរ លោក ស៊ុន ចាន់ថុល បានផ្ដួចផ្ដើមឱ្យមានសិក្ខាសាលាជាស៊េរីផ្តោតជាសំខាន់ទៅលើវិស័យពាណិជ្ជកម្ម ភាពជាអ្នកដឹកនាំ និងព្រឹត្តិការណ៍អប់រំ។

សិក្ខាសាលាជាស៊េរីរបស់ក្រសួងពាណិជ្ជកម្មបានទាក់ទាញនិស្សិតសាកលវិទ្យាប្រមាណ២,០០០នាក់ ក្នុងការរៀបចំព្រឹត្តិការណ៍មួយលើក និងមេដឹកនាំមានគំនិតឆ្នើមក្នុងវិស័យឧស្សាហកម្ម និងការងារមនុស្សធម៌ ដែលក្នុងនោះ រួមមាន៖ អនុប្រធានGE អនុប្រធានក្រុមហ៊ុន Google អនុប្រធានក្រុមហ៊ុនកូកាកូឡា និងស្ថាបនិកមូលនិធិកុមារកម្ពុជា។

សិក្ខាសាលាទាំងនេះគូសបញ្ជាក់ពីគោលនយោបាយ ការស្វែងយល់ទីផ្សាររួម និងការធ្វើបច្ចុប្បន្នភាព លើការរីកចម្រើនរបស់ ក្រសួងពាណិជ្ជកម្មដល់សិក្ខាកាមដែលស្រេកឃ្លាន កំណែទម្រង់។ លើសពីនេះទៀតអ្នកឯកទេសក្នុងស្រុក និងអន្តរជាតិបានផ្ដល់បាឋកថា ស្ដីអំពីប្រធានបទពាក់ព័ន្ធជាច្រើន ចាប់ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរហូតដល់សន្តិសុខស្បៀង។

នៅខែមេសា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ផ្តល់សេចក្តីទុកចិត្ត និងផ្លាស់មកគ្រប់គ្រងក្រសួងសាធារណការ និងដឹកជញ្ជូន។ រាជរដ្ឋាភិបាល ទទួលស្គាល់ពីសារសំខាន់ នៃហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព គុណភាព និងថ្លៃដើមប្រសិទ្ធភាព ដើម្បីពន្លឿនការធ្វើពាណិជ្ជកម្ម និងទាក់ទាញការ វិនិយោគពីបរទេស។

ជាមួយការវិលមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនជាថ្មី លោក ស៊ុន ចាន់ថុល បានប្តេជ្ញាធ្វើកំណែទម្រង់ចាំបាច់នានាដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ចំណាយតិច និងមានភាពទាក់ទាញ ព្រមទាំងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ជាមួយការចេញបណ្ណបើកបរថ្មីមានដំណើរការប្រសិទ្ធភាព ការប្តូរយក បណ្ណបើកបរថ្មី ការស្នើសុំចុះបញ្ជីយានយន្ត និងការត្រួតពិនិត្យយានយន្ត (ធ្វើឈៀក)។

ក្រសួងសាធារណការ និងដឹកជញ្ជូន មុនការចូលមកគ្រប់គ្រងរបស់លោក ស៊ុន ចាន់ថុល ត្រូវបានគេមើលឃើញថា មានបញ្ហាស្មុគស្មាញជាច្រើនលើការផ្តល់សេវាសាធារណៈ។ ការចូលមកកាន់ក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានកំណត់ពេលវេលា១០០ថ្ងៃ ដើម្បីធ្វើកំណែទម្រង់លើការផ្តល់សេវាជូនប្រជាពលរដ្ឋ។

លោក ស៊ុន ចាន់ថុល តែងតែលើកឡើងថា ការផ្តល់សេវាកាន់តែរហ័ស និងទៅកៀកប្រជាពលរដ្ឋ គឺជាបំណងប្រាថ្នាដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន។ លោក បានចាប់ផ្តើមធ្វើកំណែទម្រង់ជាច្រើនលើការផ្តល់សេវា ដោយភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើប។

ក្នុងនោះមានសេវាជាច្រើនដូចជាស្នើសុំធ្វើបណ្ណបើកបរ និងពន្យារសុពលភាពបណ្ណបើកបរជាដើម ត្រូវបានបង្កើតកន្លែងផ្តល់សេវានៅផ្សារទំនើបអ៉ីអនទី១, អ៉ីអនទី២ និងផ្សារទំនើបនរោម៉ល ជីពម៉ុងជាដើម។ លោក ស៊ុន ចាន់ថុល ក៏បានបង្កើតឱ្យមានការឆៀករថយន្តចល័ត ដើម្បីចុះទៅឆៀករថយន្តនៅតាមខេត្តឆ្ងាយ ដែលគ្មានការឆៀកផងដែរ។

ក្រៅពីការប្រឹងប្រែងធ្វើកំណែទម្រង់លើការផ្តល់សេវាហើយនោះ លោក ស៊ុន ចាន់ថុល ក៏បានបង្កើតបានសមិទ្ធផលសំខាន់ៗមួយចំនួនទៀត។ លោក ស៊ុន ចាន់ថុល បានបង្កើត QR Code លើយានយន្តកាលពីខែកក្កដា ឆ្នាំ២០១៧។ ផ្លាកលេខទំនើបនេះ មានតែប្រទេសកម្ពុជាបង្កើតឡើងដំបូងគេ។ ផ្លាកលេខថ្មីនេះ មានបញ្ចូលតែព័ត៌មានពាក់ព័ន្ធតែជាមួយយានយន្តប៉ុណ្ណោះ ដូចជាប្រភេទរថយន្ត ប្រភេទម៉ាស៊ីន លេខសម្គាល់យានយន្ត ឆ្នាំផលិតជាដើម។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអះអាងថា ការដាក់ឲ្យប្រើប្រាស់ផ្លាកលេខមាន QR Code នេះ គោលបំណងគឺដើម្បីបង្ការអ្នកបោកប្រាស់ ដោយធ្វើផ្លាកលេខក្លែងក្លាយ ហើយសម្រួលអ្នកទិញតពីគ្នាឲ្យដឹងព័ត៌មានច្បាស់ ចៀសវាងការបន្លំ។

លោក ស៊ុន ចាន់ថុល បង្កើត App (Cambodia Driving Rules) នៅដើមឆ្នាំ២០១៧។ កម្មវិធី Cambodia Driving Rules ដែលអាចឲ្យពលរដ្ឋរៀនទ្រឹស្តីពីការបើកបរតាមទូរសព្ទដៃសម្រាប់អ្នកពុំសូវមានពេលវេលា ទៅរៀននៅសាលា ដូចជាច្បាប់ចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ សិទ្ធិអាទិភាព បច្ចេកទេសយានយន្ត និងចំណេះដឹងផ្សេងៗ។

កម្មវិធី Cambodia Driving Rules អាចធ្វើតេស្តប្រឡងសាកល្បង ដើម្បីពង្រឹងសមត្ថភាព មុនដាក់ពាក្យប្រឡងយកប័ណ្ណបើកបរជាផ្លូវការ។

លោក ស៊ុន ចាន់ថុល ក៏បាន បង្កើត និងដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ ឆ្នាំ២០១៧ ដើម្បីសម្រួលដល់ការចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានជំនិះ ចុះឈ្មោះប្រឡងបណ្ណបើកបរ និងផ្តល់បណ្ណបើកបរតាមរយ:ការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជី។ ប្រព័ន្ធនេះនឹងកាត់បន្ថយចំណាយក្រៅផ្លូវការ ផ្តល់សេវាងាយស្រួល និងឆាប់រហ័ស ចំណេញពេលវេលា អាចធ្វើបានគ្រប់ពេលវេលាគ្រប់ទីកន្លែង។

លោក ស៊ុន ចាន់ថុល ក៏បានផ្តួចផ្តើម បង្កើតកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ខែធ្នូ ឆ្នាំ២០១៨ «កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app)» ។ កម្មវិធីនេះ អាចទាញយកដោយឥតគិតថ្លៃ នៅលើ App Store និង Play Store ក្នុងទូរសព្ទដៃ។

កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) អាចឲ្យពលរដ្ឋរាយការដោយផ្ទាល់ពីស្ថានភាពផ្លូវ ជង្ហុក សំបុកមាន់ ឬផ្លូវខូចទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា។ កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងគុណភាពផ្លូវ ដែលទាមទារឲ្យមានការជួសជុល និងថែទាំទូទាំងប្រទេស តាមរយៈការរាយការពីស្ថានភាពជង្ហុក សំបុកមាន់ និងផ្លូវខូចដោយអ្នកប្រើប្រាស់។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដាក់ឱ្យប្រើប្រាស់ផលិតផលថ្មីមួយទៀតរបស់ក្រសួង គឺផ្លាកលេខយានយន្តពិសេសផ្ទាល់ខ្លួន។ ការដាក់លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ដើម្បីផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសផ្លាកលេខ ដែលមានលក្ខណៈពិសេស អាចបញ្ជាទិញតាមការពេញចិត្ត ព្រមទាំងជួយសម្រួលដល់នីតិវិធី នៃការប្រមូលពន្ធថែមទៀតផង។

លក្ខណៈសម្បត្តិ របស់ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី១ ដល់៨ខ្ទង់ នៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាន នៅពេលដែលមានការ ផ្ទេរកម្មសិទ្ធិរថយន្តផងដែរ។

លោក ស៊ុន ចាន់ថុល ក៏បានបង្កើតឱ្យមានប័ណ្ណបើកបរអន្តរជាតិ ដែលអាចប្រើប្រាស់បាននៅប្រទេសចំនួន៩៩។ លោក ស៊ុន ចាន់ថុល ក៏បានបង្កើតបណ្ណបើកបរសម្រាប់ជនមានពិការភាព ពិការអវយវ គរ ថ្លង់ និងប្រកាសអនុញ្ញាតឱ្យជនមានពិការភាពអាចបើកបរយានយន្តដោយស្របច្បាប់ផងដែរ។

សមិទ្ធផលដ៏ធំមួយទៀតសម្រាប់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គឺបង្កើតបាននូវវិទ្យាស្ថានមួយ ឈ្មោះថា «វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន» ដើម្បីបណ្តុះបណ្តាលកុលបុត្រខ្មែរលើជំនាញសាងសង់ផ្លូវ និងស្ពាន។ លោកបានបង្ហាញក្តីរំពឹងថា តាមរយៈវិទ្យាស្ថាននេះ នឹងធ្វើឱ្យកូនខ្មែរមានសមត្ថភាពសាងសង់ស្ពានឆ្លងកាត់ទន្លេ។

ក្រៅពីការប្រឹងប្រែងធ្វើកំណែទម្រង់លើការផ្តល់សេវា និងបង្កើតបានសមិទ្ធផលដូចខាងលើហើយនោះ លោក ស៊ុន ចាន់ថុល ក៏បានប្រឹងប្រែងពង្រឹងគុណភាពលើការសាងសង់ផ្លូវថ្នល់ផងដែរ។ លោក ស៊ុន ចាន់ថុល បានថ្លែងថា លោកឆ្អែតឆ្អន់នឹងការពោលពាក្យចំអករបស់ប្រជាពលរដ្ឋរឿង «ផ្លូវធ្វើជាប់ ឬចាក់ស្តើងស៊ីក្រាស់» ជាដើម។

លោក បានណែនាំឱ្យមន្ត្រី និងប្រកាសក្រុមហ៊ុនសាងសង់ថា លោកមិនចង់បានផ្លូវដែលពុកផុយនោះទេ គឺលោកចង់បានផ្លូវដែលជាប់មាំត្រឹមត្រូវតាមកិច្ចសន្យាសាងសង់ ហើយលោកមិនចុះហត្ថលេខាទទួលជាដាច់ខាត ចំពោះផ្លូវដែលធ្វើមិនត្រូវត្រូវតាមកិច្ចសន្យាសាងសង់។

តាមរយៈស្មារតីនេះ លោក ស៊ុន ចាន់ថុល តែងនាំមន្ត្រីចុះពិនិត្យជាប់ជាប្រចាំតាមផ្លូវដែលសាងសង់ ហើយបានរកម៉ាស៊ីនមកខួងគ្រឹះ និងបង្កើតក្រុមការងារលួចឆ្មក់ចុះទៅពិនិត្យការស្ថាបនាផ្លូវនោះថែមទៀតផង។

ក្នុងតំណែងជារដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ក៏តែងផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងផាសុខភាពរបស់មន្ត្រីរាជការក្រោមឱវាទផងដែរ។ រៀងរាល់ពេលបុណ្យភ្ជុំ និងបុណ្យចូលឆ្នាំ លោក ស៊ុន ចាន់ថុល តែងតែងអញ្ជើញកាន់ថវិកាទៅឧបត្ថម្ភដល់ដៃរបស់មន្ត្រី និងសាកសួរសុខទុក្ខពួកគេ។ លោក ស៊ុន ចាន់ថុល ក៏បានបង្កើតកម្មវិធីលើកទឹកចិត្តដល់បុគ្គលិកបម្រើការងារបានល្អសម្រាប់ប្រចាំឆ្នាំ និងប្រចាំខែផងដែរ។

ដើម្បីឱ្យបុគ្គលិកបម្រើការងារបានល្អប្រសើរ និងមានផាសុខភាព លោក ស៊ុន ចាន់ថុល ទាំងពេលចូលកាន់តំណែងនៅក្រសួងពាណិជ្ជនាឆ្នាំ២០១៣ និងក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៦ បានសាងសង់សម្រាប់មន្ត្រីក្រសួងអង្គុយធ្វើការចាបន្តបន្ទាប់។

ពេលចូលកាន់តំណែងនៅក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានសាងសង់អគារមួយ ព្រមទាំងរៀបចំកសាងខ្លោងទ្វារចូលក្រសួង ដែលមិនមានជាច្រើនមកហើយនោះ។ ពេលផ្លាស់ប្តូរមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងនៅជិតវត្តភ្នំ លោក ស៊ុន ចាន់ថុល ក៏បានសាងសង់អគាររដ្ឋបាលក្រសួងបន្ថែមមួយទៀត ដើម្បីសម្រួលដល់ការធ្វើការងាររបស់មន្ត្រី។

បើទោះបីសាងសង់អគារបន្ថែមនៅតែមិនអាចឱ្យមន្ត្រីអង្គុយធ្វើការដោយសមរម្យនោះឡើយ។ ព្រោះតែហេតុនេះ លោក ស៊ុន ចាន់ថុល ក៏បានសម្រេចស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់អគារទីស្តីការក្រសួងថ្មីមួយ ស្ថិតនៅផ្លូវ៥៩៨ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។

អគាទីស្តីការក្រសួងថ្មី ដែលនឹងសម្ពោធជាផ្លូវការក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កម្ពស់រហូតដល់ទៅ៩ ជាន់ និងមានអគាររដ្ឋបាលអមសងខាងកម្ពស់ ៨ជាន់ផងដែរ។ នៅទីតាំងក្រសួងថ្មីនេះ លោក ស៊ុន ចាន់ថុល បានប្រមូលយកសេវារបស់ក្រសួងទាំងអស់មកប្រមូលផ្តុំនៅទីតាំងក្រសួងតែមួយ ដើម្បីសម្រួលការមករកសេវារបស់ប្រជាពលរដ្ឋ។

លោក ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា លោកចង់ឃើញមន្ត្រីរបស់លោកមានកន្លែងអង្គុយធ្វើការមួយសមរម្យ ដែលជាការផ្តល់កិត្តិយស និងលើកកម្ពស់មុខមាត់របស់មន្ត្រីរាជការផងដែរ។

លោក ស៊ុន ចាន់ថុល ក៏ត្រូវបានគេមើលឃើញថា ជារដ្ឋមន្ត្រី ដែលបានធ្វើការអភិវឌ្ឍការផ្តល់សេវា ដោយភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យា និងធ្វើឱ្យកាន់តែប្រសើរលើការផ្តល់សេវា។

តាមរយៈសមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យលោក ស៊ុន ចាន់ថុល ក្លាយជារដ្ឋមន្ត្រីមួយរូប ដែលប្រជាពលរដ្ឋហៅថា «រដ្ឋមន្ត្រីគំរូ» និងអ្នកខ្លះទៀតថា លោក «គំរូ (Model)» របស់ពួកគេថែមទៀតផង៕