(ភ្នំពេញ)៖ លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតថ្មីនៃ ប្រទេសឥណ្ឌាប្រចាំកម្ពុជា កោតសរសើរធនាគារជាតិនៃកម្ពុជា ដែលរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចបានល្អប្រសើរ ក្នុងស្ថានភាពកម្ពុជា និងពិភពលោកកំពុងជួបវិបត្តិសុខាភិបាល និងសេដ្ឋកិច្ច។

លោកស្រី Devyani Uttam Khobragade បានកោតសរសើរពីការអភិវឌ្ឍថ្មីៗ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេសតួនាទីដ៏សំខាន់ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសនានា លើពិភពលោកកំពុងរងវិបត្តិសុខាភិបាល និងសេដ្ឋកិច្ច។

ការកោតសសើររបស់ឯកអគ្គរដ្ឋទូតថ្មីនៃ ប្រទេសឥណ្ឌាប្រចាំកម្ពុជារូបនេះ ធ្វើឡើងក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ។

លោក ជា ចាន់តូ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលឥណ្ឌា និងធនាគារកណ្តាលឥណ្ឌាកន្លងមក បានរួមចំណែកអភិវឌ្ឍធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា តាមរយៈការសិក្សារយៈពេលវែង និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី។

លោក ជា ចាន់តូ បានឲ្យដឹងថា ប្រទេសឥណ្ឌា និងកម្ពុជាធ្លាប់មានទំនាក់ទំនង សហប្រតិបត្តិការល្អនឹងគ្នាតាំងពី បុរាណកាលមកម៉្លេះ បន្ទាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ រដ្ឋាភិបាលឥណ្ឌាបានជួយកម្ពុជាក្នុងដំណើរការស្តារ និងអភិវឌ្ឍប្រទេសផងដែរ។

បន្ថែមពីនេះលោកបានជម្រាប លោកស្រីអគ្គរដ្ឋទូតពី ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងល្អប្រសើរ និងបានដាក់ចេញវិធានការ កាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព។

ក្នុងនោះអតិផរណាត្រូវបានរក្សា ឱ្យស្ថិតក្នុងកម្រិតទាប ជាមួយនឹងស្ថិរភាពអត្រាប្តូរបា្រក់ និងកម្រិតគ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលរួមចំណែករក្សាជំនឿទុកចិត្ត មកលើសេដ្ឋកិច្ចកម្ពុជា។ ចំពោះវិស័យធនាគារ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការ ពង្រឹងសុខមាលភាពគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់សន្ទនីយភាព និងការធ្វើឥណទានឡើងវិញ ដែលបានជួយដល់អាជីវកម្ម និងប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់។ ទន្ទឹមនេះវិស័យធនាគារ ធានាបានគុណភាពឥណទានល្អប្រសើរ។

លោកស្រី Devyani Uttam Khobragade បានសម្តែងការអបអរសាទរជូនចំពោះ លោកទេសាភិបាល ដែលថ្មីៗនេះទស្សនាវដ្តីអន្តរជាតិ មានទីតាំងនៅប្រទេសអង់គ្លេស បានផ្តល់ចំណាត់ថ្នាក់ ជាថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នើមឆ្នាំ២០២១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមទេសាភិបាល៥រូបលើពិភពលោក។

លោកស្រី មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យធនាគាររវាងប្រទេសទាំង២ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ភាគីទាំងពីរ។
លោកស្រីបានកោតសរសើរ ពីការអភិវឌ្ឍថ្មីៗក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេសតួនាទីដ៏សំខាន់ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសនានា លើពិភពលោកកំពុងរងវិបត្តិសុខាភិបាល និងសេដ្ឋកិច្ច។

លោកស្រីបានអបអរសាទរ នូវការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ដូចជា៖ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ដែលជួយសម្រួលការទូទាត់ទូទៅ និងឆ្លងគ្រឹះស្ថាន ដោយបន្ថយកម្រៃប្រតិបត្តិការ និងធ្វើឱ្យទឹកប្រាក់ទូទាត់ទទួលបានភ្លាមៗ។

លោកទេសាភិបាល និងលោកស្រីឯកអគ្គរដ្ឋ បានយល់ស្របគ្នាលើការបង្កើន កិច្ចសហប្រតិបត្តិការ ក្នុងវិស័យធនាគារនៃប្រទេសទាំង២ដូចជា៖ លើការផ្លាស់ប្តូរបទពិសោធន៍ពី ការអភិវឌ្ឍប្រព័ន្ធទូទាត់ ការពង្រឹងយន្តការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការបណ្តុះបណ្តាល៕