(បាត់ដំបង)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា អង្គការមនុស្សចាស់នៅកម្ពុជា គឺជាអង្គការគំរូមួយក្នុងខេត្តបាត់ដំបង ដែលបានធ្វើការយ៉ាងសកម្ម និងមានលំដាប់នៃការធ្វើការយ៉ាងច្បាស់លាស់ និងបានពង្រីកសមាជិករបស់អង្គការជាបន្តបន្ទាប់ ដែលមានសមាជិករហូតជាង ១,៦០០០នាក់ ដែលបានធ្វើការទៅលើមនុស្សចាស់នេះ។

លោក កែវ រ៉េមី បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណះសំណាល និងបានចែកអំណោយជូន លោកយាយ លោកតា ដែលជាសមាជិក សមាជិការ នៃអង្គការមនុស្សចាស់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកត្រប់ ឃុំនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកកែវ រ៉េមី បានមានប្រសាសន៍មនុស្សចាស់គឺជាធនធានដ៏សំខាន់ក្នុងការរួមចំណែកទាំងការកសាងប្រទេសជាតិ និងការកសាងសង្គមគ្រួសារសម្រាប់យុវជនជំនាន់ក្រោយ ព្រោះមនុស្សបានឆ្លងកាត់បទពិសោធន៍ជីវិតជាច្រើនដែលជាមេរៀនដ៏ល្អមួយផងដែរ ដែលជាមេរៀនក្រៅដ៏ទៃទៀត ដែលនៅក្នុងសាលាមិនមាន។ លោកបានបន្តថាក្នុងយុវជនជំនាន់ក្រោយត្រូវតែគោរពស្រលាញ់មនុស្សចាស់ មិនត្រឹមតែឳពុកម្តាយឬយាយតាយើងនោះទេ គឺត្រូវគោរពស្រលាញ់មនុស្សចាស់ដ៏ទៃទៀតដូចគ្រួសារយើងតែមួយ។

ក្នុងពិធីសំណេះសំណាលនេះមានការចូលរួមពី លោក ទុំ វីរ៉ា នាយកប្រតិបត្តិគណៈកម្មាការសមាគមន៍មនុស្សចាស់ គណៈកម្មាការបណ្តាញមនុស្សចាស់នៅកម្ពុជា និងថ្នាក់ដឹកនាំនៃគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក កែវ រ៉េមី បានបន្តថា រាជរដ្ឋាភិបាល គឺមានការគិតគួរច្រើនណាស់ ទៅលើបញ្ហាមនុស្សចាស់នេះ ក្នុងនោះដែររាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច តែងតែគិតគួរ ជាសំខាន់ទៅលើបញ្ហាសុខទុក្ខមនុស្សចាស់ ក្នុងនោះដែរទាក់នឹងការផ្តល់សាច់ប្រាក់ក្នុងអំឡុងជំងឺកូវីដ១៩នេះដែរ។ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទិញវ៉ាក់សាំងសម្រាប់ចាក់បង្ការពីជំងឺកូវីដ១៩នេះ ហើយប្រសិនបើមានការប្រែប្រួល ក៏មនុស្សចាស់នៅតែមានអទិភាពខ្ពស់ ទោះបីមានការប្រែប្រួលយ៉ាងណាក៏ដោយ។

លោក ទុំ វីរ៉ា បានឱ្យដឹងថា អង្គការមនុស្សចាស់កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល ហើយក៏ជាអង្គការដែលមិនស្វែងរកនូវប្រាក់ចំណូលនោះទេ គឺមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពរបស់មនុស្សចាស់នៅកម្ពុជា តាមរយៈការជួយគាំទ្រនូវកម្មវិធីអភិវឌ្ឍន៍ជាច្រើន ដែលក្នុងនោះកម្មវិធីចម្បងមួយដែលអង្គការកំពុងធ្វើ គឺកម្មវិធីបង្កើតនូវ អង្គការមនុស្សចាស់នេឡើង រហូតមកដល់ពេលនេះអង្គការមនុស្សចាស់កម្ពុជា បានជួយដល់អង្គការក្នុងការរៀបចំបង្កើត និងគាំទ្រសមាគមមនុស្សចាស់សរុបចំនួន១៦១ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ខេត្តកំពង់ធំ ហើយក៏មានគោលបំណងសុំការគាំទ្រពីរាជរដ្ឋាភិបាលក្នុងការចូលរួមការងារបច្ចេកទេសនៅអង្គការសហប្រជាជាតិ ស្តីពីបង្កើតអោយមានសិទ្ធិមនុស្សចាស់អន្តរជាតិនេះផងដែរ ក្នុងនេះលោកក៏បានថ្លែងអំណរគុណដល់គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានជូយគាំទ្រដល់ការស្នើសុំខាងលើនេះ។

លោក ទុំ វីរ៉ា បានឱ្យដឹងទៀតថា អង្គការមនុស្សចាស់ គឺជាអង្គការមូលដ្ឋានមួយ ដែលដឹកនាំដោយមនុស្សចាស់ ក្នុងគោលបំណងជួយ ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពមនុស្សចាស់ ក្រុមគ្រួសាររបស់ពួកគាត់ និងសហគមន៍របស់ពួកគាត់ផងដែរ៕