(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ លោក ងួន រតនៈ បានអញ្ជើញទទួលជួបសម្ដែងការគួរសមរបស់លោក W.Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើការពិភាក្សាការងារអំពីកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង និងជាពិសេសរឹតចំណងមិត្តភាពរវាងរដ្ឋបាលខេត្ត និងអាមេរិក។

នៅក្នុងឱកាសនោះដែរលោក ងួន រតនៈ បានថ្លែងអំណរគុណដល់អង្គការនានាដែលជាជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការជួយប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងផ្នែកកសិកម្ម ឬផ្នែកអប់រំជាដើម ដែលចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវវិស័យទាំងនេះ។

លោកបានបន្តទៀតថា ខេត្តបាត់ដំបងមិនខុសពីខេត្តនានានៅប្រទេសកម្ពុជា ដែលបានជួបនូវវិបត្តិគ្រោះធម្មជាតិនានាមានដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតជាដើម ហើយចំពោះគ្រោះទឹកជំនន់កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង បានសហការគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងនានា ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋភ្លាមៗ ឲ្យបានទាន់ពេលវេលា ចៀសវាងប្រជាពលរដ្ឋជួបប្រទះហានិភ័យមួយចំនួនអាចប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋ ហើយរដ្ឋបាលខេត្តបានធ្វើការជួយសង្រ្គោះជាបន្តបន្ទាប់ ដោយាការចែកជាអំណោយជាស្បៀងសង្រ្គោះបន្ទាន់ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ព្រមទាំងពីសំណាក់ សប្បុរសជននានា បានចុះចែកជូនប្រជាពលរដ្ឋភ្លាមៗ សម្រាប់ប្រជាពលរដ្ឋអាចធ្វើការដោះស្រាយការហូបចុកបានបណ្ដោះអាសន្នមួយគ្រាដែរ។

រាជរដ្ឋាភិបាលបានបញ្ចេញវិធានការណ៍ថ្មីមួយទៀត ក្រោយទឹកជំនន់សម្រកទៅវិញ គឺស្ដារជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយរដ្ឋាភិបាលបានបញ្ចេញគ្រាប់ពូជស្រូវ គ្រាប់ពូជដំណាំនានា ដើម្បីឲ្យប្រជាពលរដ្ឋយកទៅធ្វើការដាំដុះបង្កើនជីវភាពឲ្យបានឆាប់រហ័ស ក្រោយរងផលប៉ះពាល់ដោយសារទឹកជំនន់កន្លងមកនេះ។

ពាក់ព័ន្ធទៅនឹងបញ្ហាកូវីដ១៩ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានររៀបចំវិទ្យាល័យ ឬអនុវិទ្យាល័យនានានៅតាមព្រំដែន តាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើជាមណ្ឌលចត្តាឡីស័ក ចំពោះពលករណា ដែលទើបតែធ្វើការឆ្លងដែនថ្មីពីប្រទេសថៃ ដែលកំពុងឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍។

រដ្ឋបាលខេត្តបាត់ដំបង បានចាត់វិធានការតឹងរឹងចំពោះពលករចំណាកស្រុកពីប្រទេសថៃ ឲ្យនៅដាក់ដោយឡែកចំនួន១៤ថ្ងៃ ហើយទន្ទឹមនឹងការអនុវត្តវិធានការណ៍នេះ រដ្ឋបាលខេត្តបានរៀបចំក្រុមការងារ ក្នុងការអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីបញ្ហាកូវីដ-១៩នេះ។

លោកបានបញ្ជាក់ថា ចំពោះពលករណាដែលបានធ្វើវិធានការចត្តាឡីស័កគ្រប់ចំនួនថ្ងៃកំណត់របស់សុខាភិបាលរួចហើយ គាត់នឹងទទួលបាននូវសញ្ញាបត្រមួយបញ្ជាក់មួយ ដើម្បីយកទៅបង្ហាញទៅដល់អាជ្ញាធរមានសមត្ថកិច្ច បញ្ជាក់ថាខ្លួនគ្មានជម្ងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ករួចរាល់។

លោកបានបន្តទៀតថា បញ្ហាកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ជីវភាព និងសិស្សានុសិស្សមិនអាចចូលរៀនបាន ជាក់ស្ដែងដូចជា សាលារៀននានាដែលជាប់ភារកិច្ចធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករមកពីប្រទេសថៃ បានរាំងស្ទះដំណើរការនៃការចូលរៀនរបស់សិស្សានុសិស្សនៅតាមព្រំដែនមិនអាចដំណើរការបាន។

លោកបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់ជាជំនួយនានា ក្នុងនោះមានអង្គការ Peace Corp ដែលជាអង្គការមួយជួយដល់វិស័យអប់រំនៅក្នុងខេត្តបាត់ដំបង នៅតាមសាលារៀនផងដែរ។

លោក W.Patric Murphy បានកោតសរសើរដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការខិតខំប្រឹងប្រែងកន្លងមក ហើយសហរដ្ឋអាមេរិកនឹងបន្តជួយសហការ ក្នុងនាមរឹតចំណងមិត្តភាព ជាពិសេស ធ្វើការបន្តនូវកម្មវិធីរបស់អង្គការ Peace Corp ជាថ្មីម្ដងទៀតក្នុងការបញ្ជូនអ្នកស្ម័គ្រចិត្តនៅសហរដ្ឋអាមេរិក ចុះជួយផ្នែកវិស័យអប់រំជាថ្មី ហើយក៏ជាលើកដំបូងម្ដងទៀតសម្រាប់ពិភពលោក ដោយសារប្រទេសកម្ពុជាបានធ្វើការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បានល្អជាងគេ ស្របពេលដែលបណ្ដាប្រទេសដទៃទៀតមិនទាន់អាចបន្តកម្មវិធីរបស់អង្គការ Peace Corp នាពេលនេះបច្ចុប្បន្ននេះដោយសារនូវបន្តការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ផងដែរ៕