(ស្វាយរៀង)៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្ត បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែន ដីនៅព្រឹកថ្ងៃទី ១៩ខែមករា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារ កំពង់ចក ស្រុករំដួល ខេត្ត ស្វាយរៀង ជាលទ្ធផលគឺរកឃើញពពុះសណ្ដែក មានដាក់សារធាតុគីមី។

លោក​ ផឹង និល បានឲ្យដឹងថា សកម្មភាពការងារត្រួតពិនិត្យរបស់មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦ គំរូដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយពីការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជាពពុះសណ្តែកចំនួន ១៥ គីឡូក្រាម មានសារធាតុគីមីបូរ៉ាក់ ( Borax ) នំចំរុះចំនួន ១៧ គីឡូក្រាម ( ខូចគុណភាព ) ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយក មករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។

លោកបានបន្តថាទំនិញដែលមានសារធាតុគីមីបូរ៉ាក់នេះ កាលណាយើងបរិភោគវា នាំអោយប៉ះពាល់ដល់សុខភាពយ៉ាង ធ្ងន់ធ្ងរ ពិសេសក្រពះ ពោះវៀន ក្រលៀនជាដើម។

ដូច្នេះក្នុងនាមប្រធានសាខា(កបប)ខេត្តសូមធ្វើការអំពាវនាវដល់អាជីវករ ត្រូវសហការជាមួយមន្ត្រីជំនាញ ក្នុងការធ្វើតេស្តរកសារធាតុគីមីហាមឃាត់ និងរកទំនិញដែលខូចគុណភាពដើម្បីធានាបាន សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់សុខមាលភាពទាំងអ្នកប្រើប្រាស់ និងអ្នកលក់ឱ្យមានសុខភាព ល្អទាំងអស់គ្នា៕