(មណ្ឌលគិរី)៖ អន្ទាក់នៅតែជាការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទជាពិសេសសត្វជើងចំពាម ក្នុងនោះអន្ទាក់ជាង១២លានអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារនៅទូទាំងទ្វីបអាស៊ី។ ដោយឡែកសម្រាប់នៅកម្ពុជា ក្នុងឆ្នាំ២០២០កន្លងទៅនេះ អន្ទាក់ជិត៥ម៉ឺនអន្ទាក់ ត្រូវបានមន្ត្រីឧទ្យានុរក្សដោះចេញពីតំបន់ការពារនៅទូទាំងប្រទេស។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ២៦ស្ថាប័ន ធ្វើដំណើរទស្សនកិច្ចនៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី។

លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «កត្តាដែលគំរាមកំហែងខ្លាំង គឺពាក់ព័ន្ធនឹងអន្ទាក់ ដែលចំនួនអន្ទាក់នេះ គឺយើងឃើញហើយ មានការកើនឡើង ហើយនៅអាស៊ីបើតាមរបាយការណ៍របស់លោក សេង ទៀក បានបញ្ជាក់ គឺ១២លានជាងអន្ទាក់ ស្ថិតនៅក្នុងតំបន់ការពារនៅទូទាំងតំបន់អាស៊ី។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា របស់យើងបានរកឃើញថាចំនួនអន្ទាក់ មានការកើនឡើងដែល ពីព្រោះនៅក្នុងមួយឆ្នាំៗ មន្ត្រីរបស់យើងបានដោះអន្ទាក់មានការកើនឡើង ជាក់ស្តែងឆ្នាំ២០២០នេះ អន្ទាក់ជិត៥ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីដែនជម្រកសត្វព្រៃ»

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅក្នុងខេត្តមណ្ឌលគីរី អន្ទាក់ចំនួនជិត១ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងឆ្នាំ២០២០។ លោកថា មន្ត្រីឧទ្យានុរក្សមិនត្រឹមតែចុះល្បាត ដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធាន ធម្មជាតិការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញព្រមទាំងបំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។

ក្រៅពីអន្ទាក់ដែលជាឃាតករលាក់មុខដែលបានសម្លាប់សត្វព្រៃជាច្រើនរាប់មិនអស់នោះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា កត្តាជារួមដែលធ្វើឱ្យធ្លាក់ចំនួនសត្វព្រៃរួមមានការបាត់បង់ទីជម្រក ដែលជាបញ្ហាមួយដែលចោទឡើង សម្រាប់ជីវៈចម្រុះ ពេលខ្លះធ្វើឱ្យមានជម្លោះរវាងសត្វ និងមនុស្សជាដើម។ បន្ថែមពីនេះការបរបាញ់ ក៏ជាចំណុចមួយដេលបានគំរាមកំហែងដល់ការបាត់បង់សត្វព្រៃផងដែរ។

លោកបានគូសបញ្ជាក់ថា ការកើនឡើង នៃកាំភ្លើងកែច្នៃក៏ជាផ្នែកមួយគំរាមកំហែងដល់សត្វព្រៃ ជាក់ស្តែងនៅឆ្នាំ២០២០កន្លងទៅ មន្ត្រីឱទ្យានុរក្សបានដកហូតបានកាំភ្លើងកែច្នៃនេះប្រមាណជាង ៧០០ដើម ពីព្រានព្រៃនៅក្នុងតំបន់ការពារធម្មជាតិនានាទូទាំងប្រទេស ហើយកាំភ្លើងកែច្នៃនេះ គឺជាអាវុធដែលគ្រោះថ្នាក់បំផុតផងដែរ។

ពាក់ព័ន្ធនឹងការថយចុះសត្វព្រៃនេះដែរ លោក នេត្រ ភក្ត្រា ក៏បានលើកឡើងថា សត្វឆ្កែប្រដេញ ដែលប្រជាជនរស់នៅក្នុងតំបន់ដែលមានសត្វព្រៃ ហើយប្រជាជនមួយចំនួនបានចិញ្ចឹមសត្វឆ្កែប្រដេញជាហ្វូង ដើម្បីបណ្តើរចេញទៅប្រមាញ់សត្វព្រៃ ដែលជាកត្តារួមផ្សំធ្វើឱ្យចំនួនសត្វព្រៃត្រូវបានថយចុះជាដើម។

បើតាមអ្នកនាំពាក្យរូបនេះ បានបន្ថែមថា ដើម្បីបញ្ឈប់ការបរបាញ់សត្វបញ្ឈប់ ការដាក់អន្ទាក់ចាប់សត្វ សូមប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬយកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំងឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមមុខ នឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេងៗ។

បើតាមកញ្ញា Milou Groenenberg ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃអង្គការ WWF បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អន្ទាក់ គឺជាកត្តាគម្រាមកំហែងដ៏ ចម្បងមួយចំពោះសត្វក្រចកជើងចំពាមនៅក្នុងដែនជម្រកទាំងពីរ ហើយក៏ជាមូលហេតុដែលធ្វើឱ្យចំនួនសត្វខ្លារខិន ដែលជាប្រភេទស៊ីសាច់សត្វក្រចកជើងចំពាមទាំងនេះជាអាហារធ្លាក់ចុះដែរ»

បើទោះជារបាយការណ៍បានបង្ហាញពីស្ថានភាពធ្លាក់ចុះដ៏គួរឱ្យបារម្ភនេះក៏ដោយក្តីសង្ឃឹមនៅតែមាននៅឡើយក្នុងការជួយសង្គ្រោះសត្វព្រៃទាំងនេះពីការផុតពូជ។ ប៉ុន្ដែប្រសិនបើគ្មានវិធានការអភិរក្សបន្ទាន់ និងប្រកបដោយភាពច្នៃប្រឌិតថ្មីទេ ដើម្បីទប់ស្កាត់កត្ដាគម្រាមកំហែងចម្បងៗទាំងនេះទេ ជីវៈចម្រុះនឹងនៅតែបន្ដធ្លាក់ចុះបន្ដិចម្ដងៗ រហូតដល់អាចបាត់បង់ទាំងស្រុងតែម្តង។

ដោយឡែកលោកសេង ទៀក នាយកអង្គការ WWF បានឱ្យដឹងថា បច្ចុប្បន្នអន្ទាក់មានចំនួន ៥ប្រភេទ ដែលជនល្មើសបានប្រើប្រាស់សម្រាប់ចាប់សត្វរាល់ថ្ងៃរួមមាន អន្ទាក់ដោយប្រើប្រាស់ចរន្តអគ្គុសនីដើម្បីឆក់សត្វក្នុងព្រៃ, អន្ទាក់ខ្សែកាប, អន្ទាក់ខ្សែគោ, អន្ទាក់ ឬស័រ អន្ទាក់អង្គុបដែក។ លោកបន្ថែមថាអន្ទាក់ គឺជាឃាតកលាក់មុខដែលអាចសម្លាប់សត្វព្រៃគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំរាមកំហែងដល់ប្រភេទសត្វមួយចំនួនដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់ និងផុតពូជពីលើផែនដីយើងនេះ។

លោក សេង ទៀក បានលើកឡើងថា វាមិនទាន់យឺតពេលនៅឡើយទេក្នុងការកែប្រែស្ថានភាពនេះ ប៉ុន្តែវាតម្រូវឱ្យពួកយើងធ្វើ សកម្មភាពអភិរក្សរួមគ្នាជាបន្ទាន់ឥឡូវនេះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកបានគូសបញ្ជាក់ថា៖ «គំហើញរបស់អ្នកវិទ្យាសាស្ត្រនៅក្នុងរបាយការណ៍នេះ បានបង្ហាញឲ្យឃើញនូវតម្រូវការនៃដំណោះស្រាយបន្ទាន់ និងថ្មីៗ ដើម្បីកែប្រែនូវអត្រានៃការធ្លាក់ចុះនេះ ខណៈពេលដែលកំពុងស្វែងរកការគ្រប់គ្រង ការប្រើប្រាស់ និងការបែងចែកធនធានធម្មជាតិឱ្យបានប្រសើរជាងនេះ»

ក្រសួងបរិស្ថាន និងអង្គការ WWF បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងដៃគូនានា ដើម្បី រៀបចំឡើងនូវវិធានការអភិរក្សខ្លាំងក្លាជាងមុន ដើម្បីកាត់បន្ថយការបរបាញ់ខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់។ ក្រសួងបរិស្ថាន និងអង្គការ WWF កំពុងសិក្សាពីលទ្ធភាពក្នុងការអនុវត្តកម្មវិធីស្ដារសត្វក្រចកជើងចំពាមឡើងវិញ ដែលជាតម្រូវការបន្ទាន់ក្នុងការបញ្ឈប់ និន្នាការធ្លាក់ចុះនៃចំនួនសត្វទាំងនេះ និងចាត់វិធានការឆ្លើយតបទៅដល់ឬសគល់នៃការជួញដូរសត្វព្រៃខុសច្បាប់៕