(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានផ្ញើសាររំលែកទុក្ខ ជូនចំពោះប្រធានាធិបតី នៃសាធារណភាពអារ៉ាប់អេហ្ស៊ីប ក្រោយពីទទួលដំណឹងដ៏ក្រៀមក្រំថា លោក ប៊ូថ្រូស ប៊ូថ្រូស ហ្គាលី (Boutros Boutros-Ghali) អតីតរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប និងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដែលបានទទួលមរណភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសាររំលែកទុក្ខថា «ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមឲ្យប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព និងរដ្ឋាភិបាលអេហ្ស៊ីប ចំពោះការបាត់បង់មនុស្ស ជាទីស្រឡាញ់របស់ខ្លួន និងជាអ្នកកាទូតអេហ្ស៊ីប ដ៏ចំណានដែលបានចូលរួមចំណែក ក្នុងការកសាងសន្តិភាព និងសន្តិសុខអន្តរជាតិក្នុងពិភពលោក ក៏ដូចជាដំណើរការសន្តិភាពនៅកម្ពុជា»។

តាមរយៈសាររំលែកទុក្ខនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា លោក Boutros Boutros-Ghali ធ្លាប់បានខិតខំប្រឹងប្រែងមិនចេះនឿយហត់ ចំពោះការចូលរួមកសាងសន្តិភាព និងអភិវឌ្ឍន៍នៅកម្ពុជា។

សូមជម្រាបថា លោក Boutros Boutros-Ghali អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បាន​ទទួលមរណភាព នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ក្នុងវ័យ៩៣ឆ្នាំ ដោយជំងឺចាស់ជរា នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។

លោក Boutros Boutros-Ghali ជាគឺជាជនជាតិអេហ្ស៊ីបដំបូងគេបំផុត ដែលបានទទួលតំណែង​ខ្ពស់​ជាមន្ត្រី UN ក្នុងនោះលោកបានទទួលតំណែង ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ​ នៅ​ចន្លោះ​ឆ្នាំ ១៩៩២-១៩៩៦ ហើយការស្លាប់នេះ មិនត្រូវបានគេបញ្ជាក់ច្បាស់លាស់ឡើយ គ្រាន់​តែ​ដឹងថា គាត់ស្លាប់ដោយសារជំងឺចាស់ជរា។

គួរបញ្ជាក់ផងដែរ លោក Boutros Boutros-Ghali បានកើតនៅឆ្នាំ១៩២២ ជាអ្នកនយោបាយ​អេហ្ស៊ីប និងជាមន្ត្រីការទូត ធ្លាប់ទទួលបានមុខតំណែងជា​អនុរដ្ឋមន្ត្រីការបរទេស ដែល​ទទួលបាន​មុខ​តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ជំនាន់ទី៦៕