(ឡុងដ៏)៖ ទោះបីជាសហភាពអឺរ៉ុបទាំងមូល បានសន្យាថានឹងធ្វើកំណែទម្រង់តបតាមការអំពាវនាវក៏ដោយ ក៏លោក នាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដេ ខាមេរ៉ូន (David Cameron) បានប្រកាសនៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះថា ប្រទេសនេះនឹងធ្វើការបោះឆ្នោតប្រជាមតិ នៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ ដើម្បីសម្រេចថា តើប្រជាពលរដ្ឋរបស់ខ្លួន ចង់នៅ ឬក៏ចាកចេញពីសហភាពអឺរ៉ុប ដែលមានចំនួន ២៨ ប្រទេសជាសមាជិកនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយបន្តទៀតថា ការសម្រេចចិត្តរបស់ នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប ទាំងអស់បានសម្រេចដូចគ្នាទាំងស្រុង ក្នុងការធ្វើកំណែទម្រង់ តបតាមការអំពាវនាវពីចក្រភពអង់គ្លេស ដើម្បីទទួលបាននូវផលប្រយោជន៍ សម្រាប់ប្រជាជននានា ដែលបានបម្រើការងារ នៅក្នុងសហភាពនេះ៕