(ភ្នំពេញ)៖ លោកតា លោកពូ ដែលជាអ្នករត់ស៉ីក្លូនៅរាជធានីភ្នំប្រមាណ ១៥០នាក់ បានទទួលអំណោយមួយចំនួនពីសប្បុរសជនមួយក្រុម ដឹកនាំដោយកញ្ញា Bee Yobo ដើម្បីជួយទំនុកបម្រុងការខ្វះខាតដល់ពួកគាត់ ស្របពេលរដូវរងាឈានមកដល់។

អំណោយដែលផ្ដល់ជូនគ្រួសារអ្នករត់ស៉ីក្លូនោះ រួមមានដូចជា មុង ភួយ មី ទឹកស៉ីអ៉ីវ ភេសជ្ជៈ ត្រីខជាដើម ខណៈសកម្មភាពមនុស្សធម៌នេះធ្វើឡើងនាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ក្បែរព្រះបរមរាជវាំងរាជធានីភ្នំពេញ។

កញ្ញា Bee Yobo បានសរសេរនៅលើ Facebook ថា «រស់នៅជាមួយការធ្វើអំពើល្អ នឹងចេះជួយអ្នកដទៃដែលលំបាកជាងយើង នាងខ្ញុំបានធ្វើសប្បុរសធម៌បន្តិចបន្តួចជូនដល់លោកតាធាក់សុីក្លូនៅខែរងារ ហើយក៏អរគុណប្អូនៗមិត្តភក្តិដែលបានមកជួយជាកម្លាំងខ្ញុំផងដែរ»

កញ្ញាក៏បានអំពាវនាវដល់សប្បុរសជនដទៃទៀត សូមចូលរួមចែករំលែកអំណោយទានដល់អ្នករត់ស៉ីក្លូ និងជនក្រីក្រនានាបន្តទៀត ដើម្បីឱ្យពួកគាត់ទទួលនូវការទំនុកបម្រុងសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ៕