(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានចេញមកបញ្ជាក់ថា ប្រកាសថ្មី ស្តីពីការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបតែផ្សព្វផ្សាយនៅពេលថ្មីៗនេះ មិនមែនជាការដំឡើងអត្រាពន្ធថ្មី ឬបង្កើតពន្ធថ្មីនោះទេ គឺគ្រាន់តែជាការកែសម្រួលផលរបរ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម ជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ។

ការចេញមកបញ្ជាក់ជូនសាធារណជន កុំឲ្យមានការភាន់ច្រឡំយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់មានសារព័ត៌មានមួយ បានផ្សព្វផ្សាយ នូវប្រកាស ស្តីពីការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសថា អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រើប្រាស់ពន្ធថ្មី ទៅកាន់ម្ចាស់អាជីវកម្ម។

លោក គង់ វិបុល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ការចេញប្រកាសនេះ [ប្រកាសស្តីពីការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស] មិនមែនជាការដំឡើងអត្រាពន្ធថ្មីទេ គឺជាការកែសម្រួលផលរបរតែប៉ុណ្ណោះ»

លោកអគ្គនាយកបានបញ្ជាក់ថា «ការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ធ្វើឡើងដើម្បីចង់ពង្រីកមូលដ្ឋាន នៃការគិតពន្ធ ឬក៏ផលរបរជាប់ពន្ធតូច ឲ្យឡើងខ្ពស់ជាងនេះ [...] ចង់ពង្រឹងអ្នកជាប់ពន្ធតូច ឲ្យកាន់បញ្ជីតាមរបៀបសាមញ្ញ ងាយស្រួលជាងមុន និងចង់ឲ្យអ្នកជាប់ពន្ធមធ្យមល្មមៗ អាចមកជាប់ពន្ធតូចវិញ ដោយកាន់បញ្ជីស្នាមរបៀបសាមញ្ញ និងអ្នកជាប់ពន្ធមធ្យម ឡើងមកធំ ត្រូវកាន់បញ្ជីស្នាម តាមស្ដង់ដាគណនេយ្យកម្ពុជា អន្ដរជាតិ»

លោក គង់ វិបុល បានលើកឡើងថា ការកំណត់នេះ អាចប៉ះពាល់ទៅនឹងចំណូលពន្ធរបស់ពន្ធដារ ដោយសារតែអ្នកដែលធ្លាប់កាន់បញ្ជីស្នាមនៅក្នុងមធ្យម ធ្លាក់មកតូចសាមញ្ញ ដូច្នេះអ្នកកាន់បញ្ជីសាមញ្ញមានការអនុគ្រោះច្រើន VAT ៨០ភាគរយ។

ទោះបីជាប៉ះពាល់ចំណូលពន្ធបន្ដិចក្ដី ប៉ុន្ដែលោក គង់ វិបុល បានអះអាងថា «វានឹងជួយចំណែកផ្នែកសេដ្ឋកិច្ច ជួយខាងវិស័យសហគ្រាសធុនតូច-មធ្យម (SME) កាន់តែលូតលាស់នឹងបង្កើតការងារបានច្រើនជូនប្រជាពលរដ្ឋ»

ប្រកាសស្តីពីការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបចេញថ្មីនេះ មានវិសាលភាពអនុវត្ត ចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលប្រកបអាជីវកម្មនៅកម្ពុជា និងបានចុះបញ្ជីពន្ធដារ ចាប់ពីឆ្នាំ២០២១ តទៅ។ សម្រាប់អ្នកចុះបញ្ជីមុនឆ្នាំ២០២១ នៅអនុវត្តដូចមុនដដែល។ ប៉ុន្តែពន្ធដារកំពុងពិនិត្យសិក្សាអំពីលទ្ធភាពជាបណ្ដើរៗ សម្រាប់អ្នកជាប់ពន្ធ មុនឆ្នាំ២០២១ផងដែរ។

សូមជម្រាបថា ការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅតាមវិស័យចម្បងរួមមាន វិស័យកសិកម្ម, វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម និងពាណិជ្ជកម្ម។

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានចាត់ថ្នាក់ជា៣ប្រភេទ ដូចខាងក្រោម៖

ទី១៖ អ្នកជាប់ពន្ធតូច គឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិ ដែល៖
* មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀល ដល់ ១០០០លានរៀល សម្រាប់វិស័យកសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
* មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ១៦០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
* មានផលរបរក្នុងរយៈពេល៣ខែ ជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តចាប់ពី ៦០លានរៀលឡើងទៅ ឬ
* រំពឹងថា មានផលរបរក្នុងរយៈពេល៣ខែ ជាប់គ្នាខាងមុខ ចាប់ពី៦០លានរៀលឡើងទៅ ឬ
* ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញឬសេវារួមទាំងភាស៊ី។

ទី២៖ អ្នកជាប់ពន្ធមធ្យម គឺជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌ ណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖
* មានផលរបរប្រចាំឆ្នាំលើសពី ១០០០លានរៀល ដល់៤០០០លានរៀល សម្រាប់វិស័យកសិកម្ម ឬ
* មានផលរបរប្រចាំឆ្នាំលើសពី ១០០០លានរៀល ដល់៦០០០លានរៀល សម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម ឬ
* មានផលរបរប្រចាំឆ្នាំលើសពី ១៦០០លានរៀល ដល់៨០០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
* ជាសហគ្រាស ដែលបានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឬ
* ជាស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលនានា ឬតម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ ឬ
* ជាបេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ។

ទី៣៖ អ្នកជាប់ពន្ធធំ គឺជាបុគ្គល ដែលស្ថិតក្នុងលក្ខខណ្ឌណាមួយ ក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖

* មានផលរបរប្រចាំឆ្នាំលើសពី ៤០០០លានរៀល សម្រាប់វិស័យកសិកម្ម ឬ
* មានផលរបរប្រចាំឆ្នាំលើសពី ៦០០០លានរៀល សម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម ឬ
* មានផលរបរប្រចាំឆ្នាំលើសពី ៨០០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
* ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ
* ជាសហគ្រាស ដែលបានចុះបញ្ជីជាគម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់។

បើតាមក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ប្រកាសនេះមានគោលបំណង កំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដើម្បីឲ្យមានសង្គតិភាព ក្នុងការគ្រប់គ្រង ប្រមូលចំណូលពន្ធគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាព តម្លាភាព និងសមធមិ ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ច៕