(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ចែកជូនប្រជាពលរដ្ឋចំនួន ៥០គ្រួសារ ក្នុងនោះចាស់ជរា ២៤គ្រួសារ ជនពិការ ១៦គ្រួសារ និងក្រីក្រខ្វះខាត ១០គ្រួសារ រស់នៅសង្កាត់កោះដាច់។

ថ្លែងក្នុងឱកាសនោះ លោក ឃ្លាំង ហួត បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបានជួយឧបត្ថម្ភគាំទ្រទាំងថវិកា សម្ភារៈ និងស្បៀងអាហារជាដើម។

លោកបានបន្តថា វប្បធម៌នៃការចែករំលែក គឺជាទ្រឹស្តីដ៏ពិសិដ្ឋរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាំងពីដើមរៀងមក និងបានកំពុងអនុវត្តរហូតដល់ពេលបច្ចុប្បន្ន ហើយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែនៅរួមរស់ រួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។

លោក ឃ្លាំង ហួត បានណែនាំដល់ប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះករណីជំងឺកូវីដ១៩ មិនត្រូវធ្វេសប្រហែសនោះទេ។ ត្រូវបន្តធ្វើអនាម័យ សម្អាត និងលាងដៃដោយសាប៊ូ ប្រើប្រាស់អាល់កុល ឬជែលសម្លាប់មេរោគ និងត្រូវប្រើម៉ាស់ជាប់ជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គលឱ្យបានខ្ចាប់ខ្ជួន ជាពិសេសត្រូវចូលរួមអនុវត្តរាល់វិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីរួមចំណែកការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា អំណោយដែលយកទៅចែកជូននាពេលនោះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ៣០គីឡូក្រាម មី ១កេស ទឹកស៉ីអ៉ីវ ៣ដប ទឹកត្រី ៣ដប ស្ករស ២គីឡូក្រាម ត្រីខ ៤កំប៉ុង ទឹកក្រូច ៤កំប៉ុង ទឹកដោះខាប់ ៤កំប៉ុង តែ ៤កញ្ចប់ ភេសជ្ជៈប៉ូវកម្លាំង ១កេស និងថវិកា ៧ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាបន្ថែមចំនួន ១០ម៉ឺនរៀល ជូនដល់ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ផងដែរ៕