(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងប្រាប់អគ្គនាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះថា ពេលនេះបើនិយាយអំពីស្ថានភាពនយោបាយចុងក្រោយបន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក គឺពិភពលោកកំពុងបើកភ្នែកផ្ដោតអារម្មណ៍យ៉ាងយកចិត្ដទុកដាក់បំផុត ជុំវិញការផ្លាស់ប្ដូរតំណែង ប្រធានាធិបតីពីលោក ដូណាល់ ត្រំា ទៅលោកចូ ប៉ៃដិន នៅថ្ងៃទី២០ ខែមករាខាងមុខនេះ។ ដោយហេតុថាកាលពីថ្ងៃទី១៣ ខែមករា កន្លងមកនេះ សភាតំណាងរាស្រ្ដសហរដ្ឋអាមេរិក បានបោះឆ្នោតសម្រេចចោទប្រកាន់លោក ដូណាល់ ត្រំា ដែលជាប្រធានាធិបតីទី៤៥ ពីបទញុះញង់កុបកម្មឲ្យមានអំពើហិង្សា ហើយបានបញ្ជួនសំណុំរឿងចោទប្រកាន់នេះទៅកាន់ព្រឹទ្ធសភា ដើម្បីកាត់ទោសដេញចេញពីតំណែង ដែលអាណត្ដិលោក ត្រំា ត្រូវចប់នៅថ្ងៃទី២០ ខែមករាខាងមុខនេះ។

លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះការចោទប្រកាន់របស់សភាអាមេរិកនេះ គឺបន្ទាប់ពីហ្វូងមនុស្សរាប់ពាន់បានបះបោរប្រើហិង្សានំាគ្នាទៅវាយប្រហារវិមានរដ្ឋ «កាពីតូល- US Capito» ជាកន្លែងដែលសភាទំាងពីរ (តំណាងរាស្រ្ដ និងព្រឹទ្ធសភា) កំពុងប្រជុំដែលដឹកនំាដោយលោកអនុប្រធានាធិបតីរបស់គាត់ គឺលោក ម៉ៃ ផេន ដើម្បីសម្រេចប្រថាប់ត្រាទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន លើការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នំា២០២០ កន្លងទៅ។ ក្នុងការបះបោរយ៉ាងឃោរឃៅនេះ គឺបានធ្វើឲ្យស្លាប់មនុស្ស៥នាក់ ក្នុងនោះមានប៉ូលីសប្រចំានៅវិមានកាពីតូលម្នាក់ផងដែរ។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថា ទន្ទឹមនឹងការចោទ ប្រកាន់របស់សភាតំណាងរាស្រ្ដមកលើលោក ត្រំា នេះគឺត្រូវបានលោក ត្រំា ប្រកែកយ៉ាងដាច់អហង្ការផងដែរថ្វីត្បិត តែគេមានភស្ដុតាងថា គាត់បានជំរុញហ្វូងបាតុករឲ្យមកប្រមូលផ្ដុំគ្នារាប់ពាន់នាក់នៅជិតសេតវិមានចំពោះមុខគាត់ មុននឹងក្រុមប្រឆំាងទំាងនេះ ធ្វើព្យុះយាត្រាសំដៅទៅវិមានកាពីតូលក៏ដោយ។ ម្យ៉ាងទៀតបើនិយាយពីទង្វើរបស់លោក ត្រំា នេះផងដែរគឺមិនខុសពីគាត់ធ្លាប់បានប្រកាសក្ដែងៗនាមុនពេលបោះឆ្នោតថា «បើគាត់មិនជាប់ឆ្នោតទេនោះកុំសង្ឃឹមថា នឹងមានការផ្ទេរតំណែងដោយសន្ដិភាព!» នោះ។

ចំពោះករណីនេះមានមតិសាធារណ:ជាច្រើនបានចោទសួរថា តើលោក ត្រំា រត់ទៅណារួចដល់ដំណាក់កាលនេះហើយ? តើលោក ត្រាំ ជាប់ទោសទេក្រោយចប់អាណត្ដិថ្ងៃទី២០ ខែមករា ដែលរដ្ឋាភិបាលថ្មីត្រូវឋិតក្រោមការគ្រប់គ្រងរបស់លោក ចូ បៃដិន ដែលជាគូបដិបក្ខស៊ីសាច់ហុតឈាមគ្នានេះ? ខ្លះទៀតឆ្ងល់ថាតើករណីលោក ត្រំា នឹងទៅដល់ណាក្រោយថ្ងៃទី២០ខាងមុខនេះ?

ចំពោះរាល់បញ្ហាចម្ងល់ ឬមតិដែលចោទទំាងអស់នេះ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថារដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក បានចែងច្បាស់ថា ប្រធានាធិបតីបន្ទាប់ពីសភាត្រូវបានចោទដាក់កំហុសរួចហើយ ត្រូវរុញសំណុំរឿងទៅព្រឹទ្ធសភា ជាអ្នកកាត់ក្ដី ថាតើត្រូវចេញពីតំណែង ឬក៏ឲ្យរួចខ្លួន? បច្ចុប្បន្នព្រឹទ្ធសភាមិនទាន់ចូលវិស្សមកាលវិញនៅឡើយទេ គឺរហូតដល់ថ្ងៃទី១៩ ខែមករា។ បើដូច្នេះមានន័យថា ព្រឹទ្ធសភាមិនងាយនឹងវិលត្រទ្បប់មកប្រជុំនៅរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីកាត់ក្ដីលោក ត្រំា បានទេ គឺច្បាស់ជាពួកគេរងចំាចូលវិស្សមកាលវិញ! ពេលនោះ លោក ត្រំា ចេញពីតំណែងបាត់!។

រីឯលោក ត្រំា វិញ ដោយសារតែកំហឹងចាញ់ឆ្នោតរបស់គាត់កំពុងនៅងុំក្នុងខ្លួននៅទ្បើយ គាត់បានប្រកាសហើយថា គាត់នឹងមិនទៅចូលរួមថ្ងៃផ្ទេរតំណែងទេ គាត់នឹងចេញដំណើរពេលថ្ងៃនោះ តាមយន្ដហោះទៅផ្ទះគាត់នៅរដ្ឋផ្លរីដា។ បើនិយាយពីការមិនចូលរួមអបអរសាទរផ្ទេរតំណែងនេះ គឺពុំមានច្បាប់ចែងទេ តែជាប្រពៃណីតំាងដើមរៀងមកប្រធានាធិបតីចាញ់ឆ្នោត តែងតែចូលរួមពុំដែលខានទេ។ ត្រង់ចំណុចនេះចំពោះករណីលោក ត្រំា បដិសេធមិនចូលរួមផ្ទេរតំណែងនេះ គឺជាការប្រឆំាងប្រពៃណីដ៏ប្រពៃរបស់បុព្វបុរសខ្លួន។ នេះជាការបញ្ជាក់លោក រត្ន័ សណ្ដាប់។

បច្ចុប្បន្នព្រឹទ្ធសភាអាមេរិកំាង មានសមាជិកពីគណបក្សសាធារណរដ្ឋខាងលោក ត្រំា សម្លេងច្រើនជាង ក្នុងចំណោមសមាជិកព្រឹទ្ធសភាទំាងអស់១០០រូប រីឯការសម្រេចពីវាសនាលោក ត្រំា ទាល់តែមានសម្លេង២ភាគ៣។ ត្រង់ចំណុចនេះផងដែរ មានមតិខ្លះទៀតចោទថា តើអាចរក២ភាគ៣បានទេ បើខាងគណប្រជាធិបតេយ្យមានមិនដល់ពាក់កណ្តាលផង?

ចំពោះចំណុចនេះ លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ទៀតថាទាល់តែសមាជិកខាងគណបក្សលោកត្រាំ ក្បត់គាត់មួយចំនួនធំបានអាចទៅរួច? ម្យ៉ាងទៀត លោក ត្រាំ គាត់ចប់អណត្ដិហើយ មិនមានច្បាប់ចែងក្នុងរដ្ឋធម្មនុញ្ញ ដែលចែងថាត្រូវកាត់ទោសអតីតប្រធានាធិបតីនោះក៏ទេដែរ។ ក្នុងករណីនេះដែរ រដ្ឋធម្មនុញ្ញអាមេរិកំាងបានលើកទ្បើងថា នាថ្ងៃអនាគតប្រសិនបើ លោក ត្រំា មានបំណងចង់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីជាថ្មីម្ដងទៀតនោះ (នាឆ្នាំ២០២៤) ព្រឹទ្ធសភាអាចនឹងលើកយកករណីនេះមកជំនុំជម្រះបាន ថាតើត្រូវអនុញ្ញាតិឲ្យ លោក ត្រំា ឈរឈ្មោះដែរឬទេ? ពេលនោះនឹងមានការកាត់សេចក្ដីសម្រេចត្រឹមតែមតិសម្លេងឆ្នោតភាគច្រើនប៉ុណ្ណោះ គឺ៥០បូក១សម្លេង។

បច្ចុប្បន្នលោក ដូណាល់ ត្រំា ជាប្រធានាធិបតីតែ១រូបគត់ ដែលសភាតំណាងរាស្រ្ដប្រជុំចោទប្រកាន់២ដង គឺកាលពីឆ្នំាទៅមិញម្ដង នឹងពេលនេះម្ដងទៀត។ គេក៏បានដាក់ពិន្ទុឲ្យ លោក ត្រាំ ដែរថាគាត់ជាប្រធានាធិបតីតែ១រូបគត់ ដែលការដឹកនំារបស់គាត់មានបញ្ហាលើសពីប្រធានាធិបតីណាៗទំាងអស់ក្នុងចំណោម ៤៥រូប។ លោក ចូ ប៉ៃដិន នឹងត្រូវជាប្រធានាធិបតីទី៤៦។

ជាសរុបពេលនេះរដ្ឋបាលសមត្ថកិច្ចអាមេរិកកំពុងតែផ្ដោតភារកិច្ចយ៉ាងខ្លំាងបំផុតនៅរដ្ឋធានីវ៉ាស៉ីនតាន ដើម្បីរារំាងមិនឲ្យមានការថ្លោះធ្លោយ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ចូ ប៉ៃដិន ដែលក្នុងនោះមានដាក់ពង្រាយកងកម្លំាងយោធា ២០០០០នាក់រួចហើយ។ បើហេតុនេះ ចំពោះភាពវឹកវរនៅសហរដ្ឋអាមេរិកនាពេលនេះ គឺច្បាស់ណាស់! បានលើកអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅទុកមួយកន្លែង ហើយងាកមកថែរក្សាសុខសន្ដិភាពសង្គមជាចម្បងវិញ៕