(ភ្នំពេញ)៖ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh New ឲ្យដឹងថា ក្នុងឆ្នាំ២០២០ ដែលជួបវិបត្តិជំងឺកូវីដ១៩ ខេត្តព្រះសីហនុ មានសំណង់ដែលវិនិយោគដោយបរទេសជាង១ពាន់កន្លែង បានផ្អាកដំណើរការ ខណៈសំណង់មានម្ចាស់ជាខ្មែរជិត ៩០កន្លែង កំពុងដំណើរការជាធម្មតា។

ជុំវិញវិបត្តិជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២០នេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងខេត្តព្រះសីហនុ មានផលប៉ះពាល់ខ្លាំងមែនទែន ជាពិសេសភាគច្រើនប៉ះពាល់ជាមួយនឹងអ្នកវិនិយោគបរទេស ដែលភាគច្រើនជាជនជាតិចិន។ លោកបន្តថា សេដ្ឋកិច្ចវិនិយោគឆ្នាំថ្មីនេះ នឹងមានសញ្ញាណល្អឡើងវិញ ប្រសិនបើមានវ៉ាក់សាំងគ្របដណ្ដប់លើសកលលោក។

លោក ឃាង ភារម្យ បញ្ជាក់ទៀតថា ក្នុងបរិបទជំងឺកូវីដ១៩ វាជាវិបត្តិសកល គឺមិនមែនមានតែកម្ពុជានោះទេ ហើយវិបត្តិនេះ បានជះឥទ្ធិពលច្រើនលើគ្រប់វិស័យ។ ជាក់ស្ដែងដូចជាវិស័យសំណង់ ក្នុងខេត្តព្រះសីហនុវិញ ឃើញថាក្នុងឆ្នាំ២០២០ សកម្មភាពនៃការសាងសង់ គឺមានការថយចុះ ដោយសំណង់ដែលបានសាងសង់ទាំងអស់ មានចំនួន ១,៥១៤ទីតាំង ដោយឡែងក្នុងនោះមានសំណង់តែ៨៩ទីតាំងប៉ុណ្ណោះកំពុងដំណើរការសាងសង់ ហើយក្រៅពីនេះ គឺមានការផ្អាក់ការសាងសង់ផងដែរ។

លោកបានបន្តថា បញ្ហាបែបនេះ វាត្រូវតែរង់ចាំនៅពេលជំងឺកូវីដ១៩ មានការគ្រប់គ្រងបាន ហើយវ៉ាក់សាំងដែលបានផលិតពីបណ្ដាលប្រទេសមួយចំនួន មានលទ្ធផលល្អអាចគ្រប់គ្រងជំងឺកូវីដ១៩ និងចែកចាយពេញពិភពលោក ពេលនោះការវិនិយោគនឹងមានសញ្ញាណល្អឡើងវិញ។

លោកថ្លែងបែបនេះថា «សំណង់ដែលផ្អាកការសាងសង់ នៅក្នុងអំឡុងជំងឺកូវីដ១៩នេះ គឺមានម្ចាស់ជាជនបរទេស ហើយភាគច្រើនជាជនជាតិចិនតែម្ដង ព្រោះថានៅពេលមានជំងីនេះរីករាលដាល អ្នកវិនិយោគជាជនជាតិចិន ពួកគាត់ត្រូវត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ហើយសំណង់ដែលបានបន្តដំណើរផ្សេងទៀតនោះ គឺសុទ្ធសឹងតែជាសំណង់ដែលមានម្ចាស់ជាជនជាតិខ្មែរ ហើយសំណង់នោះមាន ចាប់ពី៥ជាន់ឡើងដល់ប្រមាណជាជាង៥៣ជាន់ ដែលជនជាតិខ្មែរយើងអាចមានលទ្ធភាពសាងសង់បានផងដែរ»

លោកបានឲ្យដឹងថា សំណង់វិនិយោគក្នុងខេត្តព្រះសីហនុ ភាគច្រើនជាសំណង់អគារខ្ពស់ៗ ដូចជា សំណង់បែបអគារពាណិជ្ជកម្ម សណ្ឋាគារ និងសំណង់ផ្សេងៗទៀត ដែលបម្រើឲ្យវិស័យទេសចរណ៍នៅក្នុងខេត្ត។

លោកក៏បានបញ្ជាក់ផងដែរថា រយៈពេល៤ឆ្នាំចុងក្រោមនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមាន សំណង់សរុបបានអនុញ្ញាតឲ្យសាងសង់មានចំនួន១,៥១៤អគារ មានក្រឡាផ្ទៃសរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ៨,០៤៩,៦៩២,៨៣១ដុល្លារអាមេរិក៕