(បន្ទាយមានជ័យ)៖ បន្ទាប់ពីទទួលបានដំណឹងថា នៅភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានគ្រួសារដូនចាស់មួយគ្រួសារ កំពុងជួបស្ថានភាពខ្វះខាតរួចមក លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានពាំនាំអំណោយមួយចំនួន មានជាគ្រឿងឧបភោគ-បរិភោគ ថវិកា ព្រមទាំងសម្ភារមួយចំនួន យកទៅចែកជូនគ្រួសារក្រីក្រនេះ ផ្ទាល់តែម្ដង។

ដូនចាស់ខាងលើនេះមានអាយុ១០១ឆ្នាំ ហើយមានកូនស្រីម្នាក់ឈ្មោះ តឿន សេរី ជាស្រីមេម៉ាយមានកូនតូចៗចំនួន ២នាក់ទៀតរស់នៅក្នុងបន្ទុកគ្រួសារតែមួយ។ បច្ចុប្បន្ន គ្រួសារក្រីក្រទុរគតមួយនេះ រកចំណូលបានត្រឹមតែ ៥,០០០-១០,០០០ រៀលប៉ុណ្ណោះ ពីការដើរដាក់អន្ទាក់កណ្ដុរ នៅពេលយប់ ទុកគ្រាន់ទិញអង្ករដាំបាយទទួលទានប្រចាំថ្ងៃ។ រីឯផ្ទះសម្បែងវិញ គឺរហែកដាច់ដោចទ្រុឌទ្រោម សឹងតែដួលរលំ សូម្បីតែទ្រនប់ជើងដាច់ក៏គ្មានលុយទិញដែរ។

ដោយក្ដីអាណិតអាសូរ ចំពោះគ្រួសារដូនចាស់រូបនេះ លោក មាស ច័ន្ទពិសិដ្ឋ បាននាំយកអំណោយមួយចំនួន មានអង្ករ ២បាវ (១០០ គីឡូក្រាម) ទឹកបរិសុទ្ធ ១០យួរ ទឹកដោះគោខាប់ ១២កំប៉ុង ទឹកស៉ីអ៉ីវ ២យួរ ទឹកត្រី ២យួរ ត្រីខ ១យួរ មី ២កេស ស្ករស ២គីឡូ ប៊ីចេង ២គីឡូ ព្រមទាំងថវិកា ២០ម៉ឺនរៀល និងស័ង្កសី ២០សន្លឹកផងដែរ៕