(ស្វាយរៀង)៖ នគរបាលជំនាញផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជូនជនសង្សយ័ចំនួន០៣នាក់ ជាមុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន រួមជាមួយវត្ថុតាងគ្រឿងញៀន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២១ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុករមាសហែក បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់។

សមត្ថកិច្ចបានបន្តថា កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីនចំនួន៤៥កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន០៩គ្រាប់ ទូរសព្ទ័ដៃ០៤គ្រឿង ព្រមទាំងឧបករណ៍សម្ភារប្រើប្រាស់មួយចំនួនទៀត៕