(ព្រៃវេង)៖ លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុក កំចាយមារ ខេត្តព្រៃវេង បានលើកឡើងថា៖ «ស្គាល់មិត្តពិតក្នុងគ្រាក្រ ស្គាល់មេដឹកនាំល្អក្នុងគ្រាលំបាក!»

លោកលើកឡើងបែបនេះ ខណៈពេលដែលរូបលោកនិងក្រុមការងារបាននាំយកអង្ករ និង សម្ភារប្រើប្រាស់ដែលជាអំណោយរបស់សម្តេចក្រឡាហោ ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ទៅចែកជូនប្រជាពលរដ្ឋដែលខ្វះខាត ខាងជីវភាពចំនួន ៤៥៦ គ្រួសារបន្ថែមនៅក្នុងស្រុកកំចាយមារ នាព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១។

នៅក្នុងពិធីដែលធ្វើឡើងនៅក្នុងសាលាបឋម និងអនុវិទ្យាល័យមិត្តភាពកម្ពុជា-ឥណ្ឌូនេស៉ីច្រេសស្ថិតក្នុងឃុំត្របែក លោក ស្តើង សុខុម បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា , សម្តេចក្រឡាហោម ស ខេង ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងជាមួយការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនទាំងអស់។

ក្នុងឋានៈជាមន្រ្តីជាន់ខ្ពស់របស់គណបក្សលោក ស្តើង សុខុម បានលើកឡើងថា ដោយបានគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋសម្តេច ស ខេង ក្នុងតួនាទីជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានខិតខំកៀរគរជំនួយពីសប្បុរសជននានា និងការចូលរួមរបស់មន្រ្តីគណបក្ស ដើម្បីចែកជូនដល់បង ប្អូនដែលមានការខ្វះខាតស្បៀងអាហារនៅក្នុងដំណាក់កាលកូវីដ១៩ ។ លោក ស្តើង សុខុម បានបន្តថា រាជរដ្ឋាភិបាលពុំបានទុកប្រជាពលរដ្ឋណាម្នាក់ ចោលដោយអត់អាហារ និងពុំបានដោះស្រាយនោះទេ នៅក្នុងកាលៈទេសៈដែលប្រទេសកំពុងរងគ្រោះដោយសារការរាតត្បាតនៃកូវីដ១៩ រាជរដ្ឋាភិបាលបានជួយដោះស្រាយ ជូនប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រួមជាមួយគោលនយោបាយគាំពារសង្គមដើម្បីជួយដល់ កម្មករ កម្មការិនី ដែលត្រូវបាត់បង់ការងារផងដែរ ។ លោកបានសង្កត់ធ្ងន់ថានេះមិនមែនជាលើកទី១ទេ ដែលនៅពេលប្រជាជនមានទុក្ខមានមុខមេដឹកនាំគណបក្សប្រជាជន ។

លោក ស្តើង សុខុម បានលើកឡើងជាសំណួរទៅកាន់ប្រជាពលរដ្ឋដែលចូលរួមថា «លោកអុំ លោកពូ អ្នកមីង ទាំងអស់ពិតជានៅចាំបានព្រោះខួប ៤២ ឆ្នាំ នៃការរំដោះ ប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ទើបតែកន្លងទៅប្រមាណជាង១ សប្តាហ៍ប៉ុណ្ណោះ គឺថ្ងៃ ៧មករា ។ លោកអុំ លោកពូ អ្នកមីងពិតជានៅចាំបានថាពេលនោះ ប្រជាជនកម្ពុជាទាំងអស់ម្នាក់ៗរស់ចាំតែសេចក្តីស្លាប់ប៉ុណ្ណោះ ហើយម្នាក់ៗបានបន់ស្រន់សុំឲ្យមានអ្នកមកជួយសង្រ្គោះជីវិត និងដឹកគុណអស់មួយជីវិត»

លោកថែមទាំងបានសួរទៅប្រជា ជនថា «តើអ្នកណាបានជួយសង្រ្គោះបងប្អូននៅពេលនោះ ? ចម្លើយតបមកវិញដោយគ្មានស្ទាក់ស្ទើរគឺគណបក្សប្រជាជនកម្ពុជា»

លោក ស្តើង សុខុម ក៏បានបន្តទៀតថា «តើអ្នកជួយបងប្អូនឲ្យរស់ចាកផុតពីភាពអត់ឃ្លាន ជួយបងប្អូនឲ្យរស់នៅក្នុងភាពសុខដុមក្រោមម្លប់សន្តិភាព តើអ្នកណាជួយធ្វើផ្លូវ ធ្វើ ស្ពាន ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ តើអ្នកណាជួយទាក់ទាញវិនិយោគពីបរទេសមកបង្កើតការងារឲ្យបងប្អូនធ្វើ ជួយឲ្យបងប្អូនមានជីវភាពល្អធូរធា? តើអ្នកណាដែលតែង តែជួយបងប្អូនរហូតមកនៅពេលមានការលំបាកដូចជាជួបគ្រោះរាំងស្ងួត ទឹកជំនន់ ភាពខ្វះខាតអ្នកជួយបងប្អូនគឺមុខដដែលៗគឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានេះឯង ដែលតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈទាំងអស់មិនមែនរួមតែពេលសុខនោះទេ»

«កន្លងមកបងប្អូនមានដែលឃើញគណបក្សជ្សេងមកជួយបងប្អូនទេគេ មកតែពេលបងប្អូនបានសុខ គេមកតែពេលគេត្រូវការឲ្យបងប្អូនបោះឆ្នោតឲ្យគេតែប៉ុណ្ណោះ ,ដូចនេះត្រូវចាំថាក្នុងគ្រាលំបាកគឺមានតែគណបក្សប្រជាជនទេដែលបានជួយបង ប្អូនរហូតមក។ យើងទាំងអស់គ្នាជាអ្នកកាន់ព្រះពុទ្ធសាសនា ព្រះពុទ្ធបានអប់រំយើងឲ្យធ្វើអំពើល្អ ចេះស្គាល់បុណ្យស្គាល់បាប ចេះដឹងគុណអ្នកដែលធ្លាប់ជួយជីវិតយើងអ្នក ដែលធ្លាប់ជួយយើងក្នុងគ្រាលំបាក សូម្បីបាយមួយចានក៏គុណមួយជីវិតដែរ។ ដូចនេះការតបស្នងរបស់បងប្អូនគ្មានអ្វីធំដុំនោះទេគឺគ្រាន់តែបោះឆ្នោតគាំទ្រគណបក្សប្រជា ជនបន្តទៅទៀតនោះគឺបងប្អូននូវតែមានអ្នកចាំបីបាច់ថែរក្សាដូចពាក្យថា៖ « ស្គាល់មិត្តពិតក្នុងគ្រា ក្រ ស្គាល់មេដឹកនាំល្អក្នុងគ្រាលំបាក!»

នៅក្នុងឱកាសនោះលោកប្រធានក្រុមការងារបក្សចុះស្រុកកំចាយមារ ក៏បានជម្រាបជូនបងប្អូនអំពីសភាពការណ៍វិវត្តន៍នៃជំងឺកូវីដ១៩ ក្នុងនោះលោកក៏បានស្នើឲ្យបន្តអនុវត្តន៍វិធាន ៣ ការពារគឺពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះ។ លោកបានពន្យល់ថា ហេតុអីបានជាត្រូវបន្តរក្សាវិធាន៣ការពារដោយ សារថា មេរោគកូវីដ ១៩ នេះវាងាយក្នុងការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការនិយាយគ្នា ការប៉ះពាល់គ្នាហេតុដូចនេះហើយបានជាតម្រូវឲ្យពាក់ម៉ាក់រក្សា គម្លាត១ម៉ែត្រកន្លះ និង លាងដៃជាមួយសាប៊ូឲ្យបានញឹកញ៉ាប់។

លោក ស្តើង សុខុម ក៏បានជម្រាបជូនបងប្អូនអំពីសភាពការណ៍សេដ្ឋកិច្ចរបស់ប្រទេសពាក់ព័ន្ធនឹងការរាតត្បាតនៃកូវីដ១៩ ដែលបានធ្វើឲ្យវិស័យមួយចំនួនត្រូវបានផ្អាកសកម្មភាពដូចជាវិស័យកាត់ដេរ វិស័យទេសចរណ៍ វិស័យសេវ៉ាដែលមានការប៉ះពាល់ខ្លាំង។ ជាមួយការប៉ះពាល់នេះរាជរដ្ឋាភិបាល ក៏បានខិតខំដាក់ចេញនូវវិធានការសេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីជួយរក្សាស្ថានភាពសេដ្ឋកិច្ច និងរក្សានូវដំណើរការរោងចក្រ ក៏ដូចជាជួយការងារការងាររបស់ប្អូនកម្មករ កម្មការិនីផងដែរ។ ពាក់ព័ន្ធបញ្ហាព្យួរ អេប៊ីអេ របស់សហគមន៍អឺរ៉ុបលោកបានបញ្ជាក់ថា វាលែងជាបញ្ហាសម្រាប់កម្ពុជាទៀតហើយដោយសារតែចក្រភពអង់គ្លេសដែលបានចាកចេញពីសហគមន៍អឺរ៉ុប នៅតែផ្តល់ការអនុគ្រោះសម្រាប់កម្ពុជា ព្រោះទីផ្សារនាំចេញធំរបស់ កម្ពុជាទៅកាន់សហគមន៍អឺរ៉ុបដែលមានសមាជិក ២៨ ប្រទេសនោះគឺចក្រភពអង់គ្លេស។

ពាក់ព័ន្ធនឹងជំនួយឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង នៅពេលនេះលោក ស្តើង សុខុម ក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋទាំងអស់ដែលមិនបានទទួល អំណោយដោយសារថាអំណោយមានចំនួនតិចតួច ដូចនេះចាំបាច់ត្រូវជ្រើសរើសយកគ្រួសារណាដែលក្រីក្រខ្វះខាតជាងគេ។ លោកបានពន្យល់ថា បងប្អូនមួយឃុំៗមានរាប់ ពាន់គ្រួសារចំណែកអង្ករចែកជូនបានតែជាង ២០០ គ្រួសារប៉ុណ្ណោះក្នុងមួយឃុំ ៗ។ ដូចនេះសូមបងប្អូនដែលមានលទ្ធភាពជាងកុំមានការថ្នាំងថ្នាក់ ការផ្តល់ជំនួយនេះមិនបាន សេចក្តីថាគណបក្សប្រជាជនមានការរើសអើងនោះទេ។ ការចេះចែករំលែកគ្នារស់ក្នុងគ្រាអាសន្ន គឺជាសិល្បៈនិងជាវប្បធម៌ដ៏ល្អផូរផង់របស់សមាជិកគណបក្សប្រជាជនកម្ពុជា ហើយវប្បធម៌ដ៏ល្អមួយនេះក៏បានបង្ហាញឲ្យថាឃើញ ពលរដ្ឋកម្ពុជាយើង ក៏មិនចាញ់ជាតិសាសន៍ដ ទៃដែរក្នុងការសាមគ្គីគ្នានិងជួយគ្នាក្នុងគ្រាអាសន្ន។

តាមការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រទូទាំងស្រុកកំចាយមារមានគ្រួសារក្រីក្រចំនួន ៥,១៧៦គ្រួសារលើគ្រួសារ សរុបក្នុងស្រុកចំនួន ២៥,៨០១គ្រួសារ។ ក្នុងនោះ គ្រួសារក្រ១ និងក្រ២មុនកូវីដ១៩មានចំនួន ៣,៨៤២ គ្រួសារនិងគ្រួសារក្រ១និងក្រ២ក្នុងពេលកូវីដ១៩កើនចំនួន ១,៣៤៦គ្រួសារថែមទៀត។ ដោយមើលឃើញពីការ លំបាក របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ.១៩ និងរងគ្រោះផ្សេងៗសម្តេចក្រឡាហោម ស ខេង និងភរិយាបានឧបត្ថម្ភអង្ករចំនួន ៤៥.៦៨០ គីឡូក្រាម ដល់ស្រុកកំចាយមារ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតដើម្បីជួយសម្រួលក្នុងជីវភាពប្រចាំថ្ងៃ។

អំណោយសម្តេចក្រឡាហោម ស ខេង និងភរិយា ត្រូវបានចែកជូនប្រជាពលរដ្ឋមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម សាប៊ូ១ដប និង អាវយឺត១ សម្រាប់ប្រជាពលរដ្ឋចំនួនប្រមាណ ៤៥៦ គ្រួសារនៅក្នុងឃុំចំនួន២ គឺឃុំត្របែក និង សៀងឃ្វាង៕