(តាកែវ)៖ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ បានណែនាំឲ្យមន្ត្រីនគរបាល ក្រោមឱវាទទាំងអស់ ត្រូវធ្វើជាអ្នកបម្រើប្រជារាស្ត្រ ដោយស្មោះត្រង់ និងគ្មានលក្ខខណ្ឌ ពោលគឺត្រូវផ្តល់សេវាសាធារណៈ ឲ្យបានល្អ ប្រកបដោយសុជីវធម៌ អាកប្បកិរិយាល្អ និងត្រូវធ្វើជាមន្ត្រីគំរូដល់ប្រជាពលរដ្ឋ។

ការណែនាំនេះ ឧត្តមសេនីយ៍ទោ បានធ្វើឡើងនៅក្នុងពិធីប្រកាសតែងតាំងមុខតំណែងនាយប៉ុស្តិ៍ និងសម្ភោធអគារប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង នៃអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ។

លោក សុខ សំណាង បានបន្ថែមថា នគរបាលត្រូវសហការ និងធ្វើជាជំនួយការដ៏ស្មោះត្រង់ របស់មេឃុំ ឬក៏ក្រុមប្រឹក្សាឃុំ ដើម្បីបម្រើដល់ប្រជាពលរដ្ឋ។ ឯកឧត្តមថា ត្រូវបើកចិត្តឲ្យទូលាយ ដើម្បីបម្រើប្រជាពលរដ្ឋ ហើយមិនត្រូវបក្សពួកនិយមនោះទេ។

បើតាមការធ្វើរបាយការណ៍ ដោយលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានឲ្យដឹងថា ស្រុកបាទី ដែលមានចម្ងាយ៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនេះ មាន១៥ឃុំ ស្មើនឹង១៦៨ភូមិ និងមានគ្រួសារសរុបជាង៣ម៉ឺន៦ពាន់គ្រួសារ។

លោកអធិការនគរបាលស្រុកបន្ថែមថា សម្រាប់ការងារស្ថិតិ និងអត្តសញ្ញាណប័ណ្ណ នៅក្នុងខែធ្នូ ឆ្នាំ២០២០ បានផ្តល់សន្លឹកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែគំរូថ្មី ជិត៣ពាន់សន្លឹក, បានផ្តល់សៀវភៅគ្រួសារ៥០ក្បាល និងបានផ្តល់សៀវភៅស្នាក់នៅ ចំនួន៧៤ច្បាប់។

លោកអនុសេនីយ៍ឯក ឆាង ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង ដែលទើបទទួលតំណែងថ្មី បានប្តេជ្ញាថា នឹងស្មោះត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ, សន្យារគោរព និងស្មោះត្រង់ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល, សន្យារយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងមិនធ្វើអ្វីឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋឡើយ, សន្យារគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់ និងបទបញ្ជាផ្សេងៗរបស់មេដឹកនាំគ្រប់ជាន់ថ្នាក់, សន្យារអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ, សន្យាររក្សាសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធផ្សេងៗឲ្យបានល្អប្រសើរ និងសន្យារអនុវត្តឲ្យបានល្អបំផុត នូវការប្រគល់ភារៈកិច្ចថ្មីនេះ៕