(ប៉ៃលិន)៖ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពលករទៅលំនៅដ្ឋានវិញ ក្រោយពីបានឆ្លងវីរុសកូវីដ១៩ ហើយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការព្យាបាល រហូតទទួលបានជាសះស្បើយ។

ក្នុងឱកាសសំណេះសំណាល និងជូនដំណើរនេះ លោកស្រី បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាផងដែរ។ លោកស្រីផ្ទាល់ ក៏សំដែងទឹកចិត្តត្រេកអរជាមួយប្អូនៗ និងបានផ្តាំផ្ញើទៅប្អូនៗថា ទោះបីពេលនេះប្អូនៗ ទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។

លោកស្រីបានបញ្ជាក់បន្ថែមជូនប្អូនៗទាំង១២នាក់ថា ក្នុងដំណាក់កាលព្យាបាល និងការស្នាក់នៅ ហូបចុក គឺមានការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន យ៉ាងខ្លាំង ដោយមិនទុកឲ្យបងប្អូនពលករខ្មែរយើងណាម្នាក់ជួបទុក្ខលំបាកដោយសារវីរុសកូវីដ៩ ដោយលោកមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។

លោកស្រីក៏បានស្នើឲ្យប្អូនៗទាំងអស់ បើមានសាច់ញាតិដែលត្រូវត្រឡប់មកស្រុកកំណើតវិញ សូមមកតាមសម្រួល និងត្រូវផ្តល់ព័ត៌មានពិតជូនកងកម្លាំងការពារ និងក្រុមគ្រូពេទ្យជំនាញ រួចស្ម័គ្រចិត្ត ចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕