(កណ្ដាល)៖ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានដឹកនាំក្រុមការងារ នៃសាលាដំបូងខេត្តកណ្ដាល បានចុះផ្សព្វផ្សាយច្បាប់ និងយុទ្ធសាស្ត្រផ្សេងៗក្នុងការអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាព ដល់មន្ត្រីពាក់ព័ន្ធទាំងអស់នៅមូលដ្ឋានស្រុកអង្គស្នួលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្នុងទិសដៅដើម្បីចូលរួមនៅក្នុងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពចៀសវាងការអនុវត្តខុសនីតិវិធី។

លោកបានលើកឡើងថា កម្មវិធីនេះធ្វើឡើងនៅក្នុងគោលបំណងផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌ, ក្រមព្រហ្មទណ្ឌ និងបញ្ហាផ្សេងទៀតពាក់ព័ន្ធនឹងការអនុវត្តជាក់ស្តែង ដើម្បីឲ្យបងប្អូនមន្ត្រីរាជការ កងកម្លាំងទាំងអស់បំពេញ កិច្ចការងារ ជូនប្រជាពលរដ្ឋកុំឲ្យខុសច្បាប់ អាចកាត់បន្ថយជម្លោះក្នុងមូលដ្ឋានបង្រួមទំនាស់ជាដើម។

គោលបំណងសំខាន់ៗជាច្រើនចំណុច ដែលត្រូវបានលើកឡើងនៅក្នុងអង្គប្រជុំនេះ រួមមានដូចខាងក្រោម៖

*ទី១៖ អំពីដីកាកោះផ្សេងៗរបស់តុលាការ គឺត្រូវទទួលហើយបញ្ជូន និងបង្វិលទៅតុលាការវិញឲ្យបានទាន់ពេលវេលា។ ការពន្លឿននីតិវិធីនៃការបញ្ជូនដីកានេះ អាចជួយកាត់បន្ថយការកកស្ទះសំណុំរឿងកើតចេញពីការមិនបានទទួល ដំណឹងអំពីដីកា ឬយឺតយ៉ាវក្នុងការបង្វិលដីកា នាំឲ្យតុលាការចេញដីកាកោះជាថ្មីម្តងទៀត ហើយសំណុំរឿងចេះតែពន្យាពេលទៅមុខទៀត។ តែអ្វីដែលគួរចៀសវាង គឺមិនបានបញ្ជូនដីកាទៅឲ្យសាមីខ្លួនទេ រួចហើយសរសេរបញ្ជាក់មកតុលាការថាមនុស្សមិននៅផ្ទះ។

*ទី២៖ មន្ត្រីនគរបាលយុត្តិធម៌ ពេលមានបទល្មើសជាក់ស្តែងត្រូវរាយការណ៍ភ្លាមជូនព្រះរាជអាជ្ញា ករណីឃាត់ខ្លួន ដោះលែងមនុស្ស ត្រូវសុំការអនុញ្ញាតពីព្រះរាជអាជ្ញា យោងតាមមាត្រា៨៩ និងមាត្រា៩៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្នុងករណីមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួនមិនបានរាយការណ៍ជូនព្រះរាជអាជ្ញា នាំឲ្យមានបទល្មើស បង្ខាំងមនុស្សខុសច្បាប់ ហើយប្រសិនបើដោះលែងមនុស្សដែលជាជនល្មើសមិនបានរាយការណ៍ ក៏ជាករណីខុសច្បាប់ដែរ។

*ទី៣៖ មេភូមិ-មេឃុំ ត្រូវចូលរួមក្នុងកិច្ចនីតិវិធីជាមួយមន្ត្រីនគរបាលយុត្តធម៌ពេលមានតម្រូវការចាំបាច់ ដូចជា ករណីឆែកឆេរផ្ទះប្រជាពលរដ្ឋ ដកហូតវត្ថុតាង ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស ហើយការចូលរួមនេះត្រូវពិនិត្យផ្ទៀងផ្ទាត់ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ផង មុននឹងចុះហត្ថលេខា។

*ទី៤៖ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវមានភាពច្បាស់លាស់ក្នុងការសរសេរកំណត់ហេតុ ការឆែកឆេរ ការដកហូតវត្ថុតាង ត្រូវធ្វើកំណត់ហេតុឲ្យច្បាស់លាស់ ជាពិសេសគឺរបាយការណ៍បូកសរុបត្រូវសន្និដ្ឋានឲ្យបានត្រឹមត្រូវ កុំឲ្យជនរងគ្រោះទៅជាជនល្មើស។ ខណៈដែលករណីនេះលោកអគ្គព្រះរាជអាជ្ញាឧទ្ធរណ៍ភ្នំពេញ ក៏ធ្លាប់បានណែនាំមកមន្ត្រីនគរបាលយុត្តិធម៌ផងដែរ ពីរឿងភាពច្បាស់លាស់នៃការកសាងសំណុំរឿង ឬការកសាងរបាយការណ៍។

*ទី៥៖ អំពីការចុះហត្ថលេខាដោយមេភូមិ-ឃុំ និងការវាយត្រាដោយស្មៀន លើលិខិតស្នាមផ្សេងៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ត្រូវស្វែងយល់ពីប្រវត្តិសាច់រឿងអោយបានច្បាស់មុនបញ្ជាក់លើឯកសារទាំងអស់នោះ ដូចជា ករណីដីធ្លី មរណភាពអាយុជាដើម។

*ទី៦៖ មន្ត្រីនគរបាលយុត្តិធម៌ត្រូវមានបញ្ជីគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធបទល្មើស កត់ត្រាអំពីពេលវេលាប្រព្រឹត្ត ឃុំខ្លួន បទល្មើស និងពេលចេញពីពន្ធនាគារវិញ។ ម្យ៉ាងទៀតមេភូមិមេឃុំ ក៏ត្រូវមានសៀវភៅកត់ត្រាទុកដែរ ដើម្បីតាមដានមុខសញ្ញា ដែលប្រព្រឹត្តបទល្មើស ព្រោះមុខសញ្ញាទាំងអស់នោះជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំរបស់យើងក្តាប់ឲ្យអស់។

*ទី៧៖ មន្ត្រីនគរបាលយុត្តិធម៌គ្រប់ផ្នែកទាំងអស់ ត្រូវមានមន្ត្រីជំនាញខាងបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងឯកសារ ការឆ្លើយឆ្លង និងងាយស្រួលក្នុងការបង្ក្រាបបទល្មើស ដែលមានភាពជឿនលឿន។

*ទី៨៖ មេភូមិ មេឃុំ មន្រ្តីនគរបាល កងរាជអាវុធហត្ថ និងអ្នកចូលរួមទាំងអស់ត្រូវធ្វើការប្រកបដោយបញ្ញានិងតាមគន្លងច្បាប់។ ពេលឃើញតុលាការអនុញ្ញាតឲ្យជនល្មើសត្រឡប់មកផ្ទះវិញ បែរជានាំគ្នាគិតថា ខ្លួនខំរាយការណ៍ និងខំចាប់ តុលាការជាអ្នកដោះលែងទៅវិញ គឺយើងត្រូវក្តាប់ព័ត៌មានឲ្យបានច្បាស់សិន និងស្វែងរកព័ត៌មានពិតសិន ព្រោះពេលខ្លះតុលាការដោះលែងជនល្មើសឲ្យមកវិញមែន តែជននោះនៅតែមានបទល្មើស និងជាប់កាតព្វកិច្ចរបស់តុលាការ ឬជាអនីតិជនអាយុក្រោម១៤ឆ្នាំ មនុស្សវិកលចរិត ឬបុគ្គលប្រព្រឹត្តបទល្មើសក្នុងស្ថានភាពមួយដែលច្បាប់ការពារជាដើម ដូចនេះត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលគាត់មិនយល់ឲ្យជ្រាបផង។

ទន្ទឹមនឹងអង្គជំនុំនេះដែរ លោកព្រះរាជអាជ្ញារងក៏បានស្នើដល់មន្ត្រី នៅតាមមូលដ្ឋាននៃស្រុកអង្គស្នួលទាំងអស់ ចូលរួមនៅក្នុងការធ្វើការងារនេះ ឲ្យបានល្អប្រសើរដើម្បីអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព៕